(រតនគិរី)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ លោក ថង សាវុន អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីរឹតបន្តឹងអំពីការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីជាអភិបាលរងខេត្ត, នាយក, នាយករងសាលាខេត្ត, លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, លោកអភិបាលក្រុង-ស្រុកទាំង៩និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងកិច្ចប្រជុំនេះលោកអភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្នជំងឺកូវីដ១៩ បាននឹងកំពុងរីករាលដាលក្នុងសហគមន៍នៅតាមខេត្តមួយចំនួន ដោយពុំមានការថមថយឡើយគឺមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

កត្តាកើនឡើងនេះធ្វើឱ្យយើងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីការពារនិងគ្រប់គ្រងឱ្យបានជាដាច់ខាតអ្នកចំណូលស្រុកពីបណ្តាខេត្តនានាដែលមានករណីផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ចូលមកកាន់ខេត្តរតនគិរី ដាច់ខាតត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃជាកំហិត។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានស្នើឱ្យសមាជិកគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្តទាំងអស់ យកចិត្តទុកដាក់ពង្រឹងកិច្ចសហការល្អ និងផ្តល់ព័ត៌មានជាក់លាក់ទាន់ពេលវេលាធ្វើយ៉ាងណាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងសហគមន៍ជៀសផុតពីជំងឺកូវីដ-១៩។ដោយឡែកកងកម្លាំងសមត្ថកិច្ចដែលកំពុងតែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានតឹងតែងបំផុត ចំពោះការចេញចូលរបស់ប្រជាពលរដ្ឋទាំងពីរ ពោលគឺហាមដាច់ខាតមិនឱ្យមានការចេញចូលនៅបន្ទាត់ព្រំដែននោះទេ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោក ថង សាវុន បន្តថា កិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពេលនេះវាជាកាតព្វកិច្ចរបស់យើងក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធត្រូវតែការពារឱ្យខានតែបាន។

បន្ថែមពីនេះសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ត្រូវតែអប់រំណែនាំក៏ដូចជា ធ្វើការផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំនូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានត្រឹមត្រូវម្យ៉ាងទៀត ក៏ត្រូវតែយកចិត្តទុកដាក់តាមដានចំពោះជនប្លែកមុខ ឬប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីប្រទេសក្រៅដើម្បីយកពួកគាត់មកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជៀសវាងពួកគាត់ចម្លងជំងឺកូវីដ-១៩ចូលសហគមន៍របស់យើង៕