(បរទេស)៖ លោកស្រីវេជ្ជបណ្ឌិត Katherine O'Brien អ្នកជំនាញមួយរូប នៃអង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ក្រោយពីចាក់វ៉ាក់សាំងដូសទី១ ក្នុងរយៈពេល១៤ថ្ងៃ ប្រព័ន្ធភាពសុំាក្នុងខ្លួននឹងចាប់ផ្ដើមដំណើរការ។ ក្រោយចាក់ដូសទី២ ក្នុងរយៈពេលខ្លី (២-៣ថ្ងៃ) វានឹងជួយបង្កើនប្រសិទ្ធភាពបន្ថែមទៀតឆ្លើយតប នៃប្រព័ន្ធភាពសុំាឲ្យកាន់តែមានភាពរឹងមាំឡើង។ ចម្លើយទាំងនេះត្រូវបានអង្គការ WHO បង្ហោះជាផ្លូវការនៅលើគេហទំព័ររបស់ខ្លួនដើម្បីជូនមនុស្សជុំវិញពិភពលោក។

ដើម្បីកាន់តែជ្រាបច្បាស់លើការចាក់វ៉ាក់សាំងនេះ លោកស្រីវេជ្ជបណ្ឌិត Katherine O'Brien អ្នកជំនាញមួយរូប នៃអង្គការសុខភាពពិភពលោក (WHO) បានធ្វើការឆ្លើយតបសំនួរសំខាន់ៗ ចំនួន០៣ ទៅកាន់អ្នកសារព័ត៌មាន Vismita Gupta-Smith ស្តីអំពីការចាក់វ៉ាក់សាំង COVID-19 ដូចខាងក្រោម៖

* Vismita Gupta-Smith៖ ប្រសិនបើអ្នកទាំងអស់គ្នា បានចាក់វ៉ាក់សាំងរួចហើយ និងមានចម្ងល់ថា តើនៅពេលណាទើបប្រព័ន្ធសុំាចាប់ដំណើរការ ហើយថាតើវាអាចការពារខ្លួនអ្នក និងមនុស្សនៅជុំវិញអ្នកបានយូរប៉ុណ្ណា ថ្ងៃនេះយើងនឹងព្យាយាមស្រាយចម្ងល់ទំាងនេះ នៅក្នុងកម្មវិធី Science in 5។ សូមស្វាគមន៍! ខ្ញុំគឺ Vismita Gupta-Smith ហើយនេះគឺជា កិច្ចសន្ទនាស្ដីពីវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក WHO។ វាគ្មិនរបស់យើងនៅថ្ងៃនេះ គឺលោកស្រីវេជ្ជបណ្ឌិត Katherine O'Brien។ សូមស្វាគមន៍ Kate។

* លោកស្រី Katherine O'Brien៖ អរគុណច្រើនដែលបានអញ្ជើញខ្ញុំ ចូលរួមក្នុងកម្មវិធីរបស់អ្នក។

* Vismita Gupta-Smith៖ Kate, បន្ទាប់ពីមនុស្សម្នាក់បានចាក់វ៉ាក់សាំង តើនៅពេលណាទើបប្រព័ន្ធភាពសុំាចាប់ផ្ដើមដំណើរការហើយថា តើមានប្រសិទ្ធភាពរយៈពេលប៉ុន្មានដែរ?

* Katherine O'Brien៖ វ៉ាក់សាំងដែលយើងមានបច្ចុប្បន្ននៅក្នុងដៃ គឺជាប្រភេទវ៉ាក់សាំងតម្រូវឱ្យចាក់ពីរដូស។ ក្រោយចាក់ដូសដំបូង ការឆ្លើយតបនៃប្រព័ន្ធភាពសុំានឹងចាប់ផ្ដើម ដំណើរការនៅក្នុងរយៈពេល២សប្ដាហ៍នៃដូសដំបូងនេះ។ ជាការពិតណាស់ នៅក្នុងរយៈពេលខ្លីក្រោយចាក់ដូសទី២ វានឹងជួយបង្កើនការឆ្លើយតប នៃប្រព័ន្ធភាពសុំាដែលនឹងកាន់តែ មានភាពរឹងមាំឡើង បន្ទាប់ពីចាក់ដូសទី២នេះ។ ប៉ុន្តែយើងនៅមិនទាន់អាចកំណត់បានថា តើប្រព័ន្ធភាពសុំាទទួលបានពីវ៉ាក់សាំង ដែលយើងកំពុងមាននៅក្នុងដៃ មានរយៈពេលយូរប៉ុណ្ណានោះទេ។ យើងកំពុងតាមដានអ្នកដែលបានចាក់វ៉ាក់សាំងរួច ដើម្បីស្វែងយល់ និងរកឱ្យឃើញការពិតថា ការឆ្លើយតបនៃប្រព័ន្ធភាពសុំារបស់ពួកគេ មានរយៈពេលថេរ ឬក៏ថាតើមានរយៈពេលយូរប៉ុណ្ណា ដែលអាចការពារពួកគេប្រឆាំងនឹងជំងឺឆ្លង។ ដូច្នេះយើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអាចឆ្លើយនឹងសំនួរថា តើវ៉ាក់សាំងមានប្រសិទ្ធភាពយូរប៉ុណ្ណា។

*Vismita Gupta-Smith៖ Kate, បន្ទាប់ពីមនុស្សម្នាក់បានចាក់វ៉ាក់សាំងរួច តើរូបគេនៅតែអាចឆ្លង COVID-19 ហើយចម្លងជំងឺនេះដល់មនុស្សផ្សេងដែរ ឬទេ?

លោកស្រីវេជ្ជបណ្ឌិត Katherine O'Brien៖ «នេះជាសំនួរដ៏ល្អ។ ការធ្វើតេស្ដលើមនុស្សបានបង្ហាញថា វ៉ាក់សាំងអាចការពារមនុស្សប្រឆាំងនឹងជំងឺឆ្លង។ អ្វីដែលយើងមិនទាន់ដឹងពីការធ្វើតេស្ដនៅឡើយនោះ គឺថាតើវ៉ាក់សាំងអាចត្រឹមតែការពារមនុស្សមិនឲ្យឆ្លងវីរុស SARS-CoV-2 (វីរុសបង្កជាជំងឺ COVID-19) ឬថាតើវាអាចបង្ការការចម្លង ទៅកាន់អ្នកដទៃបានដែរឬយ៉ាងណា។ ដូច្នេះនេះគឺជាផែ្នកមួយដ៏សំខាន់នៃការយល់ដឹងរបស់យើង អំពីអ្វីដែលវ៉ាក់សាំងទាំងនោះដំណើរការ។ តើពួកវា (វ៉ាក់សាំង) គ្រាន់តែអាចការពារប្រឆាំងនឹងជំងឺ ឬពួកវាអាចការពារមិនឱ្យឆ្លង ឬក៏អាចចម្លងជំងឺទៅអ្នកដទៃ បើទោះជាអ្នកមិនមានចេញរោគសញ្ញា ណាមួយក៏ដោយនោះ»?

Vismita Gupta-Smith៖ Kate, តើអ្នកអាចពន្យល់យើងបានទេ ថាហេតុអ្វីបានជាចាំបាច់នៅតែត្រូវបន្តអនុវត្តវិធានការការពារ បើទោះជាចាក់វ៉ាក់សាំងរួចហើយក៏ដោយ? ហើយថា តើគេត្រូវអនុវត្តវិធានការការពារទាំងនេះដល់ពេលណាដែរ?

* Katherine O'Brien៖ យើងត្រូវតែបន្តអនុវត្តវិធានការ ការពារចាំបាច់នានា ខណៈយើងនៅតែកំពុងសិក្សាស្វែងយល់ពីអ្វីដែលវ៉ាក់សាំងអាចធ្វើបាន... ថាតើពួកវាអាចការពារ
ប្រឆាំងនឹងការឆ្លង ឬក៏ចម្លងទៅអ្នកដទៃ បានដែរឬទេ? បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលការចម្លងនៅតែមានសភាពទូលំទូលាយ នៅតាមបណ្ដាប្រទេសមួយចំនួន ឬអាចនិយាយបានថា ការចម្លងស្ថិតនៅក្រៅការគ្រប់គ្រង។ ដូច្នេះតើយើងត្រូវចាំបាច់បន្ត អនុវត្តវិធានការការពារដល់ពេលណា គឺវាអាស្រ័យទៅលើថា តើសហគមន៍ និងប្រទេស ទាំងអស់អាចធ្វើបានដើម្បីកម្ចាត់វីរុសនេះ និងលុបបំបាត់ការចម្លងទាំងស្រុង ហើយនៅក្នុងលក្ខខណ្ឌបែបនេះ វ៉ាក់សាំងអាចធ្វើការបានយ៉ាងល្អ ក្នុងការបង្ការជំងឺឆ្លង។ ប៉ុន្តែត្រូវចាំថា យើងមិនមានភស្ដុតាងសម្រាប់ការប្រើប្រាស់វ៉ាក់សាំង នៅក្នុងចំណោមក្រុមមនុស្សមួយចំនួនឡើយ។ ជាឧទាហរណ៍យើងមិនមានភស្តុតាង លើការប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារនោះទេ។ ដូច្នេះក្នុងកាលៈទេសៈបច្ចុប្បន្ន ក្រុមមនុស្សទាំងនេះ នៅតែស្ថិតនៅក្នុងហានិភ័យទាំងការឆ្លង និងការចម្លងទៅកាន់អ្នកដទៃ។

ហេតុផលទី២ នោះគឺការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិត។ ដូច្នេះយើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់សហគមន៍នានាដើម្បីការពារមនុស្សគ្រប់គ្នានោះទេ។ ទាំងនេះហើយ ដែលជាហេតុផលតម្រូវឱ្យយើង ត្រូវបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារ ជាពិសេសពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, លាងដៃឱ្យបានស្អាតជាប្រចាំ និងមិនត្រូវជួបជុំគ្នា នៅកន្លែងមានមនុស្សច្រើនឡើយ។ សម្រាប់សំនួរថា តើត្រូវបន្តអនុវត្តវិធានការការពារដល់ពេលណា ទុកឱ្យពេលវេលាជាអ្នកឆ្លើយប្រាប់ពួកយើងចុះ។ នៅពេលដែលយើងសម្រេចបានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ នៅក្នុងសហគមន៍, នៅពេលដែលយើងបានដឹងច្បាស់ពីអ្វី ដែលវ៉ាក់សាំងអាចធ្វើបាន ក្នុងការការពារប្រឆាំងនឹងការឆ្លងនោះវាគឺជាពេលដែល យើងអាចចាប់ផ្ដើមដកជើងរបស់យើង ចេញពីឈ្នាន់នៃវិធានការការពារទាំងនោះបន្តិចម្ដងៗ ហើយត្រូវធ្វើឱ្យប្រាកដថា ការចម្លងនឹងមិនផ្ទុះឡើងជាថ្មីឡើងវិញ។

* Vismita Gupta-Smith៖ អរគុណ! Kate។ នេះគឺជាលោកស្រីវេជ្ជបណ្ឌិត Katherine O'Brien។ យើងនឹងបន្តឆ្លើយសំនួររបស់អ្នកអំពីវ៉ាក់សាំង និងប្រព័ន្ធភាពសុំា ហើយនិងអំពី COVID-19 នៅក្នុងកម្មវិធីនេះ។ បើសិនជាអ្នកយល់ថា ព័ត៌មាននេះមានប្រយោជន៍ សូមចែករំលែកវាទៅកាន់មិត្តភក្តិ ឬមនុស្សដែលអ្នកស្គាល់។ ជួបគ្នានៅពេលក្រោយ។ សូមមាន សុវត្ថិភាព, សុខភាពល្អ និងប្រកាន់ភ្ជាប់នូវគោលការណ៍វិទ្យាសាស្ត្រ៕