(ភ្នំពេញ)៖ ដើម្បីធានាបាននូវនិរន្តរភាពការងារប្រចាំថ្ងៃរបស់មន្ត្រីក្រោមឱវាទ ក្រសួងបរិស្ថាន បានចេញសេចក្តីណែនាំចំនួន ៥ចំណុចស្តីពី វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងសំដៅរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលទង់ទ្រាយធំនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ ខែកុម្ភៈ»។ នេះបើតាមសេចក្តីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនានេះ។

សេចក្ដីណែនាំនេះ គឺអនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រសួងសុខាភិបាល ក្នុងបរិបទនៃការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។

បើតាមសេចក្តីណែនាំទាំង៥ចំណុចរបស់ក្រសួងបរិស្ថានដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នោះរួមមាន៖

ទី១៖ អនុញ្ញាតឱ្យគ្រប់អង្គភាពក្រោមឱវាទក្រសួង រៀបចំឱ្យមានការផ្លាស់វេនមន្ត្រីប្រចាំការ ក្នុងចំនួន ១០ភាគរយ នៃចំនួនមន្ត្រីក្នុងអង្គភាពនីមួយៗ ដោយត្រូវធានារក្សានិរន្តរភាពការងារប្រចាំថ្ងៃ។ ដោយឡែកមន្ត្រីដែលមិនត្រូវវេនប្រចាំការ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងជានិច្ចកាលត្រៀមទទួលការទាក់ទង និងអនុវត្តតាមការណែនាំ។

ទី២៖ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពផ្សេងទៀត ត្រូវចូលរួមប្រចាំការរាល់ថ្ងៃ ដើម្បីបំពេញភារកិច្ច និងគ្រប់គ្រងចាត់ចែងការងារឱ្យបានប្រព្រឹត្តិទៅជាប្រក្រតី។

ទី៣៖ ពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់ (ពាក់ម៉ាស លាងដៃ ឬបាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងកុំនៅកន្លែងសាធា ណៈបិទជិត កុំជួបជុំមនុស្សច្រើន កុំប៉ះពាល់គ្នា និងកុំចាប់ដៃគ្នា រួមនឹងចូលរួមធ្វើការវាស់កំដៅនៅច្រកចូលជាន់ផ្ទាល់ដី (G) និងស្កេន QR Code ដើម្បីពិនិត្យ និងទប់ស្កាត់កូវីដ-១៩ ឱ្យបានជាប្រចាំ។

ទី៤៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការរៀបចំកិច្ចប្រជុំ ការប្រារព្ធពិធី ការជួបសំណេះសំណាលនានាលើកលែងតែមានករណីចាំបាច់ ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី។

និងទី៥៖ ករណីមានរោគសញ្ញាសង្ស័យនៃការឆ្លងមេរោគកូវីដ-១៩ ត្រូវផ្តល់ព័ត៌មាន និងរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចសុខាភិបាល ដើម្បីស្នើសុំអន្តរាគមន៍ និងដោះស្រាយឱ្យបានទាន់ពេលវេលា៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន៖