(បន្ទាយមានជ័យ)៖ លោក ជិរ៉ាវុឌ្ឍិ សុវណ្ណអាត អនុព័ន្ធពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បាននាំអំណោយមួយចំនួន ជូនដល់ពលករ-ពលការីនី ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យនិមិត្ត ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្ត្រីរាជការ នៃស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន នៅក្នុងវិស័យឯកជនថៃ នៅក្នុងកម្ពុជា មានដូចជា៖ ក្រុមហ៊ុន CP Cambodia Co., Ltd ក្រុមហ៊ុន PTT (Cambodia) Limited ក្រុមហ៊ុន Logistics Intelligence (Cambodia) Co., Ltd ក្រុមហ៊ុន Modern Plastic & Packaging (Cambodia) Co., Ltd ក្រុមហ៊ុន Makro Cambodia និងក្រុមហ៊ុន JWD Asia Logistics (Cambodia) Co., Ltd។

ការប្រគល់អំណោយនេះ ក្នុងគោលបំណង ដើម្បីជាការរួមចំណែក ជួយរដ្ឋាភិបាលកម្ពុជា ដែលទទួលបន្ទុកមើលការខុសត្រូវ បងប្អូនពលការ-ពលការីនីជាច្រើននាក់ ដែលបានធ្វើដំណើរត្រលប់មកពីប្រទេសថៃវិញ ដោយសារស្ថានការណ៍ ការរាតត្បាតនៃជំងឺកូវីដ-១៩ មួយវិញទៀត ជាការជួយដល់បងប្អូន ពលករ-ពលការីនីកម្ពុជា ដែលចាត់ទុកថា ជាកម្លាំងសំខាន់ នៅក្នុងការជំរុញការរីកចម្រើន ខាងផ្នែកសេដ្ឋកិច្ចសហគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងថៃឡង់ដ៍៕