(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណ្ណសរិទ្ធ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្ល្លួនជនត្រូវចោទ២នាក់ ប្តីប្រពន្ធដែលប្តីមានឈ្មោះ ជឹម វាសនា អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ឡេង សីហា រស់នៅផ្ទះលេខ៣សេ ផ្លូវលំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារដើម្បីរង់ចាំជំនុំជម្រះទោសតាមនីតិវុធី។

សូមបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនជនត្រូវចោទជាប្ដី និងប្រពន្ធ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចតាមច្បាប់ ពាក់ព័ន្ធករណីឆបោកប្រាក់។

សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនត្រូវចោទទាំង២នាក់ខាងលើ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនរបស់លោក អ៊ុក សុវណ្ណរិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទទាំង ២នាក់ខាងលើ ត្រូវបានលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់ និងឈានដល់ការចាប់ខ្លួនក្រុមជនត្រូវចោទទាំង២នាក់ បញ្ជូនទៅទៅតុលាការនេះ ធ្វើឡើងតាមពាក្យបណ្ដឹងចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ ជាំង ឡុង មុខរបរម៉ៅការសំណង់។

កាលពីអំឡុងពេលកើតហេតុជនត្រូវចោទទាំង២នាក់ និងបក្ខពួក បានព្យាយាមទំនាក់ទំនងជាមួយជនរងគ្រោះ ដើម្បីឆបោកប្រាក់ជាច្រើនម៉ឺនដុល្លារ ដោយសន្យាថា នឹងរត់ការយកការងារសំណង់ធំមួយកន្លែងនៅច្រកទ្វារអន្តរជាតិ ដែលរាជរដ្ឋាភិបាល គម្រោងបើកនៅក្បែរច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យជនរងគ្រោះទទួលម៉ៅការ ព្រោះពួកគេស្គាល់ជិតស្និតជាមួយមន្រ្តីជាន់ខ្ពស់។

ក្រោយពីបោកលុយជនរងគ្រោះអស់ ក្រុមជនត្រូវចោទ បានគេចខ្លួនរហូត មិនមានការងារឲ្យជនរងគ្រោះធ្វើ និងមិនព្រមប្រគល់ប្រាក់ឲ្យជនរងគ្រោះវិញឡើយ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង ទៅតុលាការឲ្យជួយ រកយុត្តិធម៌តែម្ដង៕