(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ មនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ចុះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះសំបែង ចំនួន២៧គ្រួសារ នៅសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនោះលោក ឃិន ញ៉ាណ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងបានយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀតផងដែរ។

ក្នុងនាមលោក ប៉ែន កុសល្យ លោក ឃិន ញ៉ាណ បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានជួបនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាត ផ្ទះសំបែងកាលពីពេលថ្មីៗកន្លងទៅនេះ។ លោកក៏បានណែនាំឱ្យរងគ្រោះទាំងអស់កុំមានការអស់សង្ឃឹមឱ្យសោះ ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺមិនទុកឱ្យប្រជាពលរដ្ឋរស់ក្នុងភាពឯកោ ឫភាពអត់ឃ្លាននោះទេ។

ជាក់ស្តែងនៅពេលនេះអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា និងអំណោយរបស់ក្រុមការងារខេត្ត ក្រុង និងសប្បុរសជនជាច្រើនទៀតត្រូវបាននាំយកមក ចែកជូនប្រជាពលរដ្ឋ បើទោះបីជាអំណោយនេះតិចតួចក៏ពិតបាន តែបានដោះស្រាយនៅការខ្វះខាតបានមួយគ្រាៗដែរ ជាមួយគ្នានោះលោកក៏បានណែនាំបន្ថែម ឱ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាអនាម័យ ដើម្បីកុំឱ្យឆ្លងមេរោគកូវីដ.១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺ៣កុំ និង៣ការពារ។

សូមបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋដែលរងគ្រោះទាំង២៧គ្រួសារ មាន១៣គ្រួសាររងគ្រោះធ្ងន់ ទទួលបានអំណោយរួមមាន៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងឃីតមួយកញ្ចប់ ចំណែកប្រជាពលរដ្ឋរងគ្រោះស្រាល១៤គ្រួសារ ទទួលបានអំណោយជាស័ង្កសីផងដែរ៕