(ភ្នំពេញ)៖ ក្រោយមានការស្នើសុំជាស្បៀងអាហារពីបុរសជនជាតិជប៉ុនម្នាក់ និងក្រុមរបស់គាត់ ដែលបាននិងកំពុងធ្វើចត្តាឡីស័ក, នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីនាំយកស្បៀងអាហារផ្តល់ជូនភ្លាមៗតែម្តង។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកអភិបាលរាជធានីភ្នំពេញ តែងតែទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់ ពីសុខមាលភាពប្រជាពលរដ្ឋ លោកបានចាត់មន្ត្រីចុះនាំយកស្បៀងអាហារផ្តល់ជូនភ្លាមៗតែម្តង។

លោកបញ្ជាក់ថា នៅថ្ងៃនេះ បន្ទាប់ពីទទួលបាននូវការស្នើសុំរបស់ជនជាតិជប៉ុនម្នាក់ ដែលបាននីងកំពុងធ្វើចត្តាឡីស័កនៅអគារ អឹល រ៉េស៊ីដេន បឹងកេងកង៣ ដែលកន្លងមកគាត់បានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រួចហើយ។ ប៉ុន្តែក្នុងកំឡុងពេល១៤ថ្ងៃនេះ នៅក្នុងអគារនេះមានអ្នកវិជ្ជមានកូវីដ១៩ ចឹងដោយសារគាត់នៅក្នុងក្រុមធ្វើចត្តាឡីស័កជាមួយគ្នា ក៏បុរសជនជាតិជប៉ុននេះ តម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាមួយក្រុមហ្នឹងបន្តទៀត តាមនីតិវិធីរបស់មន្ទីរសុខាភិបាល។

លោកបន្តថា ក្រុមគាត់ក៏ស្នើសុំជំនួយបន្ថែម ដោយសារខ្វះស្បៀងអាហារ អភិបាលរាជធានីក៏បាននាំយកស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ផ្ញើជូនដើម្បីឧបត្ថម្ភដល់ក្រុមគាត់។

លោក ម៉េត មាសភក្តី បញ្ជាក់ថា ស្បៀងអាហាររបស់សម្តេចតេជោរួមមាន៖ អង្ករ ៥០គីឡូ ទឹកសុទ្ឋ ២កេស ខ្ទឹមបារាំង២គីឡូ ផ្លែល្ពៅ ២គីឡូ ស្ពៃក្តោប ២ផ្លែ ម្ទេស ១គីឡូ និងមាន់ ២ក្បាល៕