(ភ្នំពេញ)៖ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កនៅក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានី ចុះបាញ់ថ្នាំមូស នៅមណ្ឌលចត្តាឡីស័កមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែងនៅព្រលប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូស ក្នុងទីតាំងធ្វើចត្តាឡីស័កចំនួន៣ ក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ ក្នុងនោះរួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង អនុវិទ្យាល័យហ៊ុនសែនពោធិ៍ចិនតុង និងមណ្ឌលចត្តាឡីស័ក
អនុវិទ្យាល័យភ្នំពេញថ្មី។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរាត្រីថ្ងៃទី០៩ ខែមីនានេះថា ជាយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ អភិបាលរាជធានីភ្នំពេញ បានឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងបានបាញ់ថ្នាំមូស និងបាញ់សម្លាប់មេរោគ ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបាញ់ថ្នាំមូសនេះដែរ មិនមែនចេះតែបាញ់នោះទេ គឺត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល៕