(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ នឹងអ្នកលក់សំលៀកបំពាក់ ក្នុងផ្សារបាត់ដឹងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺថា មានស្ត្រីម្នាក់ជាអាជីវករដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយបច្ចុប្បន្នបាននិងកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ។

កាលពីថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ចន្លោះវេលាម៉ោង១៣:០០ ដល់ម៉ោង ១៦:០០រសៀល អាជីវករខាងលើ បានយកសំលៀកបំពាក់មកលក់នៅក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការបិទតូបលក់ដូរសំលៀកបំពាក់ក្នុងផ្សារបាត់ដឹងចំនួន ១២តូប ជាបណ្តោះអាសន្ន ហើយក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានចុះយកសំណាកអាជីវករចំនួន ២៥នាក់ (១៧នាក់ រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង៨នាក់ រស់នៅខេត្តកណ្តាល ស្រុកពញាឮ ៣នាក់ និង ស្រុកអង្គស្នួល៥នាក់) និងបានរៀបចំបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីធ្វើការតាមដានសុខភាពជាបន្តផងដែរ។

រដ្ឋបាលខេត្ត ក៏បានចាត់តាំងក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដីស្រុក ឃុំ និង ភូមិ ចុះទៅធ្វើការស្រាវជ្រាវបន្ទាន់ ហើយបានឱ្យអ្នកដែលមានជាប់ពាក់ព័ន្ធធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនឯងនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។

ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ស្ពឺសូមអំពាវនាវដល់បងប្អូនទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ការពារ។

ក្នុងករណីមានរោគសញ្ញាដូចជា ក្តៅខ្លួនក្អក ហៀរសំបោរ ឈឺបំពង់ករ ឬរោគសញ្ញាសង្ស័យណាមួយ សូមមេត្តារួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅដ្ឋាន បងប្អូនរស់នៅ ព្រមទាំងរាយការណ៍បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តយ៉ាងម៉ឺង ម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុត ពីជម្ងឺដ៏កាចសាហាវនេះ៕