(ភ្នំពេញ)៖ បើទោះបីតម្រូវឱ្យស្ថាប័នរដ្ឋ រួមទាំងស្ថាប័ននីតិបញ្ញត្តិផ្អាកដំណើរការ តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើទៅព្រឹទ្ធសភាឱ្យពិនិត្យលទ្ធភាព និងរកវិធីអនុម័តឱ្យបាននូវសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយពាក់ព័ន្ធនឹងស្ថានការរីករាលដាលជំងឺកូវីដ១៩ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងសារនោះថា ក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩នេះ ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រង។

សម្តេចតេជោ បានបញ្ជាក់បែបនេះ «ច្បាប់នេះវាត្រូវការបន្ទាន់។ យើងមិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ តែយើងត្រូវការច្បាប់គ្រប់គ្រងទាក់ទងជាមួយនឹងកូវីដ១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត»

សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រធានស្តីទីព្រឹទ្ធសភាឱ្យរកលទ្ធភាព និងយន្តការ ដើម្បីពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់នេះ។

សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

សេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងគោលបំណង កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មានចំនួន៦ជំពូក និង១៧មាត្រា។ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា កន្លងទៅនេះ៕