(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ។

ក្នុងសារសំឡេងពិសេសដែលចេញផ្សាយទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការព្រួយបារម្ភខ្លាំងចំពោះស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សម្តេចតេជោ បានថ្លែងថា មកដល់យប់នេះមានករណីឆ្លងថ្មីរហូតដល់៤៩នាក់ទៀត នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងផ្នែកខ្លះនៃខេត្តដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ។

ឆ្លើយតបនឹងស្ថានការណ៍ដ៏ស្រួចស្រាវនៃការឆ្លងនេះ សម្តេចតេជោ បានដាក់ចេញបទបញ្ជា និងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ផ្អាកបណ្តោះអាសន្ននូវស្ថាប័ន ដោយទុកអ្នកធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ស្ថាប័នឯកជនផងដែរ ឱ្យកាត់បន្ថយបុគ្គលិកធ្វើការនៅកន្លែងធ្វើការ ហើយបែងចែកផ្លាស់វេណគ្នា ដើម្បីកាត់បន្ថយចំនួននៅកន្លែងធ្វើការ និងការកកស្ទះតាមដងផ្លូវ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាណាព្យាបាលកុំឱ្យកូនតូចចេញពីផ្ទះ ហើយមនុស្សចាស់ និងពេញវ័យក៏មិនត្រូវចេញពីផ្ទះដែរបើមិនចាំបាច់។ ប៉ុន្តែបើតម្រូវការជាចាំបាច់ក្នុងការចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់ជាប់ជាប្រចាំ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ក៏បានអំពាវនាវឱ្យផ្អាកការជួបជុំផងដែរ។ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសនេះអំពាវនាវ សូមផ្អាករាល់ការជួបជុំទាំងឡាយ ដែលមិនមានការចាំបាច់។ ខ្ញុំសូមអរគុណចំពោះបងប្អូនដែលបានផ្អាកនូវពិធីការ ពិធីអាពាហ៍ពិពាហ៍ ឬក៏ធ្វើពិធីអាពាហ៍ពិពាហ៍តែបន្ថយចំនួនមនុស្ស ដែលធ្វើឱ្យហានិភ័យមានការធ្លាក់ចុះ។ ប៉ុន្តែសភាពការណ៍ពេលនេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នលើសមុន ហើយអ្វីដែលមិនចាំបាច់ ហើយវាមិនទាន់ចាំបាច់ និងអាចផ្អាកបានគប្បីត្រូវតែពន្យារ គប្បីផ្អាក ពន្យារពេលរង់ចាំធ្វើនៅពេលក្រោយ ក៏មិនទាន់យឺតពេលដែរ។ នេះជាសភាពការណ៍ដ៏បន្ទាន់ ហើយដែលត្រូវយកចិត្តទុកដាក់កុំឱ្យជំងឺនេះសាយភាយចេញក្រៅ»

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យខេត្តព្រះសីហនុ ធ្វើការរឹតបន្តឹងបន្ថែមទៀតទៅលើការចេញចូលរបស់មនុស្ស ចរាចររបស់មនុស្សក្នុងខេត្ត។ ប៉ុន្តែមិនត្រូវធ្វើឱ្យមានការរាំងស្ទះទៅដល់ការដឹកទំនិញចេញ ដឹកទំនិញចូលនោះទេ ព្រោះជាច្រកសេដ្ឋកិច្ចតែមួយគត់របស់កម្ពុជាសម្រាប់ការនាំចេញតាមផ្លូវទឹក។

សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដឹកជញ្ជូនទំនិញទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន នៅតែធ្វើ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអភិបាលខេត្តព្រៃវែង ពិនិត្យលទ្ធភាពតើត្រូវបិទសកម្មភាពនៅទីតាំងប្រមូលផ្តុំមួយចំនួន ដូចជាសាលារៀនជាដើម បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី រហូតដល់ទៅ១១នាក់ទៀត។

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖