(ត្បូងឃ្មុំ)៖ វិហារឥស្លាម ដែលចំណាយថ្លៃសាងសង់ជិត ៨ម៉ឺនដុល្លារ ស្ថិតនៅភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវ  បានបើកដាក់ឲ្យដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីបម្រើដល់ការប្រណិប័តន៍សាសនារបស់ ប្រជាពលរដ្ឋខ្មែរ-ឥស្លាម។

វិហារឥស្លាមនេះ ត្រូវបានកាត់ខ្សែបូរសម្ពោធដោយ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោកស្រី  តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម  កម្ពុជា។

យោងតាមរបាយការណ៍សាងសង់បានឲ្យដឹងថា វិហារឥស្លាមនេះ មានទំហំ ១៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ។ ចំណាយថវិកាសរុប  ៧៧.៩០០ ដុល្លារអាមេរិក និង ប្រាក់រៀល ៧.៧៨៦.០០០រៀល ដែលជាថវិការបស់សប្បុរសជនម៉ាឡេស៊ី និងមួយផ្នែកទៀត ជាការ ចូលរួមថវិកាបដិភាគរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ហើយក៏មានការជួយឧបត្ថម្ភ ពីលោក ជា សុផារ៉ា ប្រធានក្រុមការងារចុះជួយស្រុក  ត្បូងឃ្មុំ ២,៧០០ដុល្លារសម្រាប់ទិញដីផងដែរ។
 
លោក អូស្មាន ហាស្សាន់ បានជម្រាបជូនប្រជាពលរដ្ឋចូលរួមក្នុងពិធី នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកឧកញ៉ា បានគូសបញ្ជាក់ថា ដោយសារគោលនយោបាយលុបបំបាត់ភាពក្រីក្រ របស់រាជរដ្ឋាភិបាល  ដឹកនាំដោយសម្តេចតេជោ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ មានជីវភាពធូរធារប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថា សមិទ្ធផលវិហារឥស្លាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នោះ ដោយសារប្រទេស  ជាតិ មានសុខសន្តិភាព ម្ចាស់ជំនួយនានា បានទុកចិត្តលើរាជរដ្ឋាភិបាល ទើបអំណោយគ្រប់បែបយ៉ាង ត្រូវបាននាំមកជូនដល់សហ គមន៍ ចូលរួមលុបបំបាត់ភាពក្រីក្រ លើកកម្ពស់វិស័យសាសនា និង វិស័យអប់រំ ក៏ដូចជាវិស័យនានាផ្សេងទៀត។

បន្ទាប់ពីបាន បំពាក់គ្រឿងឥស្សរិយយស ជូនដល់ម្ចាស់ជំនួយ និង សកម្មជន ដែលចូលរួមកសាងសាមិទ្ឋផល លោករដ្ឋមន្រ្តី ក៏បាន  នាំអំណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតរួមមាន៖ ឧបត្ថម្ភវិហារ ២លានរៀល យុវជនកាកបាទក្រហម ៥០នាក់  យុវជនកាយរិទ្ធ ៥០នាក់ យុវជន ស.ស.យ.ក ៥០នាក់ យុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) ១៦នាក់ ម្នាក់ៗ  ថវិកា ១ម៉ឺនរៀល គ្រូបង្រៀនឥស្លាម ២នាក់ ម្នាក់ៗ សារុង១ ថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ៨៣នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម ថវិកា ២ពាន់រៀល និង ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ៤២នាក់ ក្នុងម្នាក់ សារុង១ និង ថវិកា ២ម៉ឺនរៀល៕