(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្តែងការអបអរសាទរថ្ងៃទិវាអន្តរជាតិនារី៨មីនា ថ្ងៃដែលនារីទាមទារសិទ្ធិសេរីភាពពីការជិះជាន់ និងរំលោភបំពានទាំងឡាយ។

សម្តេចតេជោ បានគូសរំលេចតាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។

ជាមួយការអបអរសាទរថ្ងៃនៃការទាមទារបាននូវសិទ្ធិសេរីភាពរបស់នារីអន្តរជាតិនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីផងដែរ គឺបានកើតមានសារជាថ្មីឡើងវិញក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅយង់ឃ្នងដឹកនាំដោយ ប៉ុល ពត ។

សម្តេចតេជោបន្ថែមថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។

ឆ្នាំនេះកម្ពុជាប្រារព្ធទិវានារីអន្តរជាតិក្រោមប្រធានបទ «ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ-១៩»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រធានបទនេះ គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ដែលជាការបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ។ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ដែលជាបុព្វលក្ខខណ្ឌមិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ។

ជាមួយនឹងការចេញសារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកជនរួមជាតិថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩៕