(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៤នាក់ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៧នាក់។

ក្នុងចំណោមអ្នកឆ្លងទាំង២៤នាក់នេះ មានជនជាតិចិនចំនួន ១២នាក់, ជនជាតិខ្មែរចំនួន ៧នាក់ និងជនជាតិវៀតណាម ៥នាក់។ ពួកគាត់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩នេះ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះសីហនុ។

ចំណែកអ្នកជាសះស្បើយទាំង៧នាក់វិញ គឺជាជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដោយបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១ ០១១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៩៣នាក់៕