(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវទៅចុះឈ្មោះនៅតាមសាលាឃុំ-សង្កាត់ ខណៈដែលអាជ្ញាធរខេត្តកំពុងរៀបចំវិធីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានការចាក់វ៉ាក់សាំងប្រកបដោយភាពច្បាស់លាស់ និងរក្សាបាននូវសណ្ដាប់ធ្នាប់។

ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏ដូចជានៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ តែមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនៅឡើយ ដោយសារពួកគាត់មិនទាន់បានចុះឈ្មោះ និងទទួលបានការអញ្ជើញពីអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ដើម្បីពន្លឿនប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ និងចៀសវាងការមកច្រើនកកកុញ ដែលនាំឱ្យមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងបរិវេណទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបាននិងកំពុងរៀបចំវិធីចុះឈ្មោះនៅតាមសាលាឃុំ-សង្កាត់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យមានភាពច្បាស់លាស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣កុំ និង ៣ការពារ» ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងចៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះមួយរយៈពេល ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរសិន នឹងរៀបចំការចាក់វ៉ាកសាំងនេះជូនប្រជាពលរដ្ឋតាមក្រោយទៀត។

ចំពោះការចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរង់ចាំតាមការជូនដំណឹងរបស់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ហើយនៅពេលអញ្ជើញទៅចាក់វ៉ាក់សាំង ក៏ត្រូវទៅតាមបញ្ជីឈ្មោះ និងតាមការអញ្ជើញរបស់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ដោយមានភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖