(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ អាចផ្លាស់កន្លែងធ្វើចត្តាឡីស័កពីខេត្តជាប់ព្រំដែន មកធ្វើចត្តាឡីស័កនៅក្នុងខេត្ត ឬស្រុកកំណើតរបស់ខ្លួនបាន តែដាច់ខាតមិនអាចគេចវេស ឬខកខានការធ្វើចត្តាឡីស័កនោះឡើយ ចំណែករដ្ឋបាលខេត្ត ដែលមានអ្នកផ្លាស់មកធ្វើចត្តាឡីស័កនោះ ត្រូវត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់។

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សម្ដេចបានយល់ព្រមទាំងទៅនឹង សំណើរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានស្នើសុំផ្ទេរពលករ ដែលមានស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ ពីមណ្ឌលចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនថៃ ផ្លាស់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួន។

ទន្ទឹមនឹងសំណើនេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានធានាអះអាងចំពោះសម្ដេចតេជោ អំពីការគ្រប់គ្រងសុវត្ថិភាពរបស់ពលករ ការផ្ដល់អាហារហូបចុក និងចំនួនពលករ ចាប់តាំងពីចំណុចចេញដំណើររហូតមកដល់មណ្ឌលចត្តាឡីស័កនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សំណើនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយសម្ដេចបានសង្កត់ធ្ងន់ថា «នេះគឺចំណុចល្អមួយ ដែលគប្បីអនុវត្តឱ្យបានត្រឹមត្រូវ ហើយប្រសិនបើរដ្ឋបាលខេត្តដទៃអាចធ្វើដូច្នេះបាន ខ្ញុំក៏នឹងអនុញ្ញាតឱ្យធ្វើ ប៉ុន្តែត្រូវធានាថាពលករដែលត្រូវផ្លាស់កន្លែងធ្វើចត្តាឡីស័កទាំងនោះ គ្មានការគេចវេសពីការធ្វើចត្តាឡីស័កជាដាច់ខាត។ ប្រសិនបើមិនអាចធានាបានទេ កុំធ្វើឱ្យសោះ»

បើតាមសារសំឡេងរបស់សម្ដេចតេជោ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់អំពីការប្រើប្រាស់កម្លាំងយោធានៃយោធភូមិភាគ៣ ទៅដឹកជញ្ជូនពលករពីមណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនថៃ ផ្ទេរមកធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួនវិញ។

នាពេលកន្លងមក ធ្លាប់មានការភាន់ច្រឡំថា សម្ដេចតេជោសម្រេចលើកលែងការធ្វើចត្តាឡីស័ក ចំពោះពលករនៅតាមខេត្តជាប់ព្រំដែន ប៉ុន្តែសម្ដេចតេជោ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា មិនដូចការយល់ខុសនេះនោះទេ ពោលគឺសម្ដេចតេជោមិនបានអនុញ្ញាតដូច្នេះឡើយ គឺមានតែអំពាវនាវទៅកាន់បុគ្គលសាមី ឱ្យចូលរួមធ្វើចត្តាឡីស័ក កុំមានការគេចវេស និងបានបញ្ជាទៅកាន់អាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ឱ្យពង្រឹងការត្រួតពិនិត្យការធ្វើចត្តាឡីស័ក ឱ្យបានតឹងរឹងថែមទៀត។ ដូច្នេះសូមកុំមានការយល់ច្រឡំតទៅទៀតឱ្យសោះ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា ចត្តាឡីស័កនៅតែធ្វើ គ្រាន់តែអាចប្ដូរទីតាំងធ្វើប៉ុណ្ណោះ ដោយពីមុនធ្វើនៅទល់ដែន ឥលូវអាចផ្លាស់មកធ្វើនៅផ្ទៃក្នុងប្រទេស (ខេត្ត-ស្រុកកំណើតរបស់សាមីខ្លួនអ្នកធ្វើចត្តាឡីស័ក) ដោយត្រូវដឹកជញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋាននានា»

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាស់តឿនបន្ថែមថា ការដឹកជញ្ជួនផ្ទេរពលករ ដែលធ្វើចត្តាឡីនៅខេត្តជាប់ព្រំដែន គប្បីមានរថយន្តដាច់ដោយឡែកសម្រាប់ដឹកជញ្ជូនពួកគាត់ ហើយត្រូវគ្រប់គ្រងពួកគាត់តាំងពីចំណុចចេញដំណើរ រហូតមកដល់គោលដៅធ្វើចត្តាឡីស័កបន្ទាប់។ ម្យ៉ាងទៀត ត្រូវមានការផ្ដល់អាហារហូបចុកតាមផ្លូវ ក្នុងពេលធ្វើដំណើរផងដែរ៕