(ភ្នំពេញ)៖ បន្ទាប់ពីមានបងប្អូនជនរួមជាតិ តែងតែសាកសួរពីសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នោះ, នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានបង្ហោះរូបភាព និងសារបញ្ជាក់ឲ្យដឹងថា សុខភាពរបស់សម្តេច នៅតែរក្សាភាពធម្មតា និងអាចធ្វើកិច្ចការងារបាន ដោយមិនមានភាពរាំងស្ទះនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «ជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីការចាក់វ៉ាក់សាំង រយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។
សូមអរគុណចំពោះជនរួមជាតិ ដែលយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាផងដែរ។

វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះ គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕