(ភ្នំពេញ)៖ ស្ដ្រីម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាប់ខ្លួន បន្ទាប់ពីប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រី អាយុ១៦ឆ្នាំ ដែលរស់នៅជាមួយខ្លួន បណ្ដាលឲ្យរងរបួសស្នាមជាបន្ដបន្ទាប់ និងនាំឲ្យមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

ស្ដ្រីជាថៅកែរូបនេះ ឈ្មោះ មុំ ម៉ារីណា ជាម្ចាស់ហាងបោះដុំផលិតផលកូរ៉េ ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ដ្រីឈ្មោះ មុំ ម៉ារីណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ស្ដ្រីរូបខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីធ្វើការសួរនាំ និងសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អំពើហិង្សាលើកូនឈ្នួលប្រាកដមែន។

គួរជម្រាបថា ករណីថៅកែប្រើប្រាស់អំពើហិង្សាលើកូនឈ្នួលនេះ មិនមែនទើបតែកើតមានមួយករណីនោះទេ ពោលករណីស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងជារឿយៗ ហើយក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជនបង្កហិង្សា ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕