(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារជួរមុខនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុ មានទីតាំងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុ បានចែកចេញជាពីរប្រភេទ ទី១៖ការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm សម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៥៩ឆ្នាំ និងទី២៖ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Astra Zeneca សម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។

នាឱកាសនោះ លោក គួច ចំរើន បានសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ ថាយើងទាំងអស់គ្នាដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវរក្សាសណ្តាប់ធ្នាប់ និងគម្លាតសុវត្ថិភាព ពិសេសការរៀបចំសណ្ដាប់បានល្អវាបានផ្តល់នូវអត្ថប្រយោជន៍ពីររួមមាន៖

*ទី១៖ សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន

*ទី២៖ អត់មានការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឲ្យបាន១,៥០ម៉ែត្រ និងចូលរួមអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៣ការពារ និង៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា៕