(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកអំណោយចែកជូនគ្រួសារអតីតយុទ្ធជនពិការ និងជនពិការសរុបចំនួន ៨០គ្រួសារ រស់នៅក្នុងឃុំទាំងបួននៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ការទទួលទាន និងការប្រើប្រាស់ប្រចាំថ្ងៃ ខណៈដែលពួកគាត់ក៏កំពុងរងនូវវិបត្តិជំងឺកូវីដ១៩ផងដែរ។

លោកស្រី បាន ស្រីមុំ បានបន្តឱ្យដឹងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់រូបបានចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ហើយប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឫសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីជាច្រើន។

ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផងដែរ។

លោកស្រីអភិបាលខេត្តបានលើកឡើងថា ជាមួយនឹងសមិទ្ធផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏អតីតយុទ្ធជននៅមានឧបសគ្គជាច្រើន ដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥណទានជាដើម ដើម្បីឲ្យពួគគាត់ទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកស្រីបានសង្កត់ធ្ងន់ថា ថ្វីដ្បិតអតីតយុទ្ធជនខេត្តប៉ៃលិនរងពិការភាពដោយសារភ្លើងសង្គ្រាមច្រើនក៏ពិតមែន តែគ្មានអតីតយុទ្ធជនណាម្នាក់ដើរសុំទាន ឬអត់អាហារនោះទេ គឺថ្នាក់ដឹកនាំមិនដែលបោះបង់ ឬទុកឱ្យគាត់ឯកានោះទេ គឺយកចិត្តទុកដាក់ខ្ពស់ផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនអតីតយុទ្ធជន-ជនពិការទាំង ៨០គ្រួសារនោះ គឺរួមមាន៖ អង្ករ ទឹកត្រី ទឹកបរិសុទ្ធ មី ត្រីខ អាល់កុល ១ដប និងថវិកាចំនួន ៥ម៉ឺនរៀល ហើយក៏មានអំណោយរបស់លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិនផងដែរ៕