(សៀមរាប)៖ ផ្ទះមនុស្សធម៌ទី៧៧ ដែលជាអំណោយរបស់លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្ម «បាលិលេយ្យ» ដែលបានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់គ្រួសារលោកយាយ ប៊ិន អេង អាយុ ៨៦ឆ្នាំ (ជរាទុរគត) គ្មានកូនចៅ រស់នៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក។

ការប្រគល់ផ្ទះត្រូវបានធ្វើឡើងក្នុងវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី។

នាឱកាសនោះ លោកស្រី ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ នាពេលបច្ចុប្បន្ន ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

លោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ននារដូវក្តៅចូលមកដល់នេះ និងត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីករណីជំងឺកូវីដ-១៩ ហើយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងដៃជាមួយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។

សម្រាប់អំណោយមនុស្សធម៌បន្ថែមសម្រាប់លោកយាយទទួលបានផ្ទះ មានមុង ១ ភួយ ១ សារុង ១ ក្រមា ១ កន្ទេល ១ អង្ករ ៦០គីឡូក្រាម មី ១កេស ត្រីខ ១យួរ អាវយឺត ៤ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ៤សែនរៀល។ ក្នុងនោះដែរ សប្បុរសជន និងក្រុមការងារក៏បានផ្ដល់ថវិកាបន្ថែមប្រមាណ ៥សែនរៀលបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីនោះចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម មី ១កេស ត្រីខ ១យួរ មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ២ និងថវិកា ៤ម៉ឺនរៀល។

សូមបញ្ជាក់ថា ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន ២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៤មែត្រ សង់លើដីផ្ទាល់ខួន ៨ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ហើយជាសមិទ្ធផលថ្មីទី៤ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕