(ភ្នំពេញ)៖ ការទទួលទានគ្រឿងស្រវឹង ឬស្រា លើសកម្រិតគឺបង្កើនហានិភ័យនៃជំងឺមហារីកមួយចំនួន និងជំងឺផ្សេងៗដែលអាចគំរាមកំហែងដល់អាយុជីវិត ជាពិសេស អ្នកកើតជំងឺទឹកនោមផ្អែម ព្រោះក្នុងជាតិស្រវឹងខ្លះ មានអត្រាជាតិស្ករខ្ពស់ បណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពិបាកគ្រប់គ្រង ផ្ទុយទៅវិញបើការទទួលទានជាតិស្រវឹងលើសលប់ពេក គឺជំរុញឱ្យថ្លើមធ្វើការកាន់តែខ្លាំង និងធ្ងន់សម្រាប់បញ្ចេញជាតិពុល និងធ្វើឱ្យជាតិស្ករក្នុងឈាមចុះខ្លាំង ជាកត្តាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលជាមូលហេតុ ត្រូវប្រុងប្រយ័ត្នខ្ពស់។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្តី ឯកទេស ថ្លើម ក្រពះ ពោះវៀន នៅមន្ទីរសំរាកព្យាបាល អេគីប បានឱ្យដឹងថាទៀតថា «ស្រា ក្រៅពីមានជាតិស្ករខ្ពស់ហើយ ក៏មានកាល់ឡូរីខ្ពស់ផងដែរ។ កាល់ឡូរី គឺជាថាមពល ដូច្នេះបើកាល់ឡូរីខ្ពស់ នោះថាមពលក៏ច្រើនដូចគ្នា ពេលអត់បានប្រើប្រាស់ ពីសរីរាង្គខ្លួនយើង វានៅសេសសល់នឹងស្ដុកទុកជា ទ្រីក្លីសេរីត ជាសារធាតុខ្លាញ់ ហើយជាដើមចមធ្វើឱ្យលើសជាតិខ្លាញ់នៅក្នុងសាច់ថ្លើមបណ្ដាលឱ្យមានជំងឺខ្លាញ់រុំថ្លើម»។

លើសពីនោះ លោកវេជ្ជបណ្ឌិត ថ្លែងបន្ដថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំលើសកម្រិត ជះឥទ្ធពល នឹងបង្កឲ្យមានជំងឺរលាកថ្លើម ជំងឺរលាកលំពែង ហើយក៏ជាហានិភ័យឲ្យមានជំងឺមហារីកមួយចំនួនដូចជា ជំងឺមហារីកពោះវៀនធំ មហារីកបំពង់អាហារ មហារីកក្រពះ ។ល។

ស្រាក៏ចូលរួមជាកត្តាដែលបង្កឱ្យមានជំងឺលើសឈាម ជំងឺសរសៃឈាម ជំងឺខ្សោយបេះដូង និងជំងឺស្ទះសរសៃឈាមខួរក្បាលផងដែរ។ លើសពីនោះ ស្រា បង្កើនឱ កាស គ្រោះថ្នាក់ នៅ ពេល បើកបរ , ប្រើ អំពើហិង្សា ទៅ អ្នកដទៃ , ចម្លងជំងឺ កាមរោគ , ការ មាន ផ្ទៃពោះ ដោយ មិន ចង់ បាន ជាដើម ។

លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានថ្លែងបន្ដថា បន្ទាប់ពីពិសាគ្រឿងស្រវឹងលើសកម្រិតជាប្រចាំ នឹងធ្វើឱ្យថ្លើមចុះខ្សោយខ្លាំង និងបង្ហាញរោគសញ្ញាដូចជា៖
*ការឡើងលឿងនៅលើភ្នែក លើស្បែក
* កើតទាចទឹក
* ជំាលើស្បែក
* ក្អួតមកមានឈាម ជាដើម។

លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា «ការទទួលទានជាតិស្រវឹងមានកម្រិតតិចតួច នោះហានិភ័យក៏ទាបផងដែរ។ ដូច្នេះគួរពិសាកុំឱ្យលើសពី៣កែវស្ដង់ដា ចំពោះមនុស្សស្រី និងលើសពី៤កែវស្តង់ដា សម្រាប់មនុស្សប្រុស។ កែវស្ដង់ដា នៅអាមេរិកគេកំណត់វាទៅតាមបរិមាណរបស់ភាគរយនៃអាកុល នៅក្នុងគ្រឿងស្រវឹង ។ឧទាហរណ៍ស្របៀរ មានអាកុល ៥% -៧% ,ស្រាក្រហម ១០-១១% ចំណែកឯស្រាវីស្គី មានជាតិអាកុល ៤០%-៦០% ។ ក្នុងមួយកែវស្ដង់ដា ស្មើនឹង៣៥០សេសេ សម្រាប់ស្រាបៀរ (ប្រហែលមួយកំប៉ុង), កែវស្រាក្រហម១៥០សេសេ ,ស្រាវីស្គី ៤០សេសេ»

គួរចំណាំ៖ វីស្គី មានអត្រាជាតិស្ករតិចតួច តែវាមានហានិភ័យខ្ពស់ នៅពេលដែលពិសាលាយជាមួយសូដា កូកា ដែលបណ្ដាលឱ្យឡើងជាស្ករខ្ពស់ ប៉ះពាល់ដល់សុខភាព៕