(ភ្នំពេញ)៖ កុមារកំព្រាម្នាក់ត្រូវបានគេបាញ់ធ្លាយក្បាល បណ្តាលឲ្យស្លាប់ ដោយមិនដឹងមូលហេតុ។ ករណីនេះ កើតឡើងនៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣៥នាទី ក្នុងដីវាលមួយកន្លែង ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ សារឿន ប៊ុនថា ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន។

ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ក្នុងករណីនេះដែរ មានអ្នកបាញ់សត្វចំនួន ២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នសិន ប៉ុន្តែប្រភពមិនទាន់ច្បាស់ការណ៍ថា ក្មេងនោះត្រូវនរណាបាញ់ឲ្យប្រាកដទេ។ មូលហេតុដែលឃាត់ខ្លួនបុរសខាងលើ ដោយសារអ្នកទាំងពីរកំពុងដើរបាញ់សត្វនៅម្តុំនោះ។

បច្ចុប្បន្នក្មេងរងគ្រោះនោះ កំពុងតម្កល់នៅវត្តអង្គតាចក ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ៕