(ព្រៃវែង)៖ ក្រុមអាជីវករដែលរកស៊ីដឹកស្រូវតាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង បានស្នើដល់ក្រសួងជំនាញ និងអាជ្ញាធរ ជួយ​សម្រួល​ឱ្យមានបេនស្រូវនៅខាងទឹកដីខ្មែរ ដើម្បីកាត់បន្ថយការចំណាយ ខណៈដែលនៅខាងបេនស្រូវក្នុងទឹកដីវៀតណាម​ចំណាយថវិកាច្រើន​ដែលធ្វើឲ្យពួកគាត់​រកសុីមិនសូវចំណេញ។

ក្រុមអាជីវករបានបញ្ជាក់ថា កាលពីមិនទាន់ផ្ទុះកើតជំងឺកូវីដ-១៩ ឈ្មួញវៀតណាមបើកទូកចូលមកទិញស្រូវពីឈ្មួញខ្មែរ ដល់មាត់ទឹកព្រំដែនខាងខ្មែរតែម្តង ដោយមានម្ចាស់បេនខាងខ្មែរ ជាអ្នករៀបចំ ហើយពួកគាត់ដែលជាអាជីវករដើរទិញស្រូវពីតាមបណ្តាស្រុកខេត្តផ្សេងៗ។ ពេលដឹកមកដល់មាត់ច្រកគ្រាន់តែចរចាតម្លៃត្រូវរ៉ូវគ្នា ហើយក៏ទយគូថរថយន្តទម្លាក់ស្រូវចូលទូកភ្លាម ហើយបើមិនត្រូវថ្លៃគ្នាទេក៏អាចដឹកស្រូវទៅលក់នៅកន្លែងផ្សេងទៀតបានដែរ គឺងាយស្រួលខ្លាំងណាស់។

ប៉ុន្តែពេលនេះខុសគ្នាដាច់ស្រឡះព្រោះត្រូវបើករថយន្តឆ្លងព្រំដែន ចូលទៅទម្លាក់ស្រូវនៅក្នុងបេនខាងដីវៀតណាម។ ពេលទៅដល់ហើយតម្លៃថោកថ្លៃយ៉ាងណាក៏ត្រូវតែបង្ខំចិត្តលក់ឱ្យគេដែរ ព្រោះបើមិនលក់គ្មានលុយបង់ថ្លៃសេវាបេនឱ្យគេទេ ហើយរឿងដែលសំខាន់នោះ គឺពេលឆ្លងព្រំដែនចូលដីគេម្តងៗ ពួកគាត់បារម្ភខ្លាំងណាស់ គឺខ្លាចឆ្លងជំងឺកូវីដ-១៩។ ម៉្យាងទៀតកម្មករវៀតណាមដែលចាក់ស្រូវចូលក្នុងទូក គឺចាក់ស្រូវអត់អស់ពីបាវនោះទេ ដែលនាំឲ្យបាត់ភ្នែកគីឡូ ដោយសារតែសមត្ថកិច្ចវៀតណាមអនុញ្ញាតឲ្យតែកុងឡានមួយគត់ចូលក្នុងទឹកដីរបស់គេ ហើយការចំណាយទាំងភាគីខ្មែរនិងវៀតណាមអស់ប្រមាណ១០ម៉ឺនរៀលក្នុងមួយរថយន្ត។

ក្រុមអាជីវករបានដឹងទៀតថា ស្រូវដែលនាំមកលក់នៅច្រកបន្ទាយចក្រីនេះ ភាគច្រើននាំមកពីខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ហើយត្រូវខកជើងពីថ្ងៃទៅបីថ្ងៃធ្វើឱ្យស្រូវរបស់គាត់អន់ថយគុណភាពត្រូវឈ្មួញវៀតណាមទម្លាក់តម្លៃនាំឲ្យមានការខាតបង់ច្រើនផងដែរ។ សូមសមត្ថកិច្ចជួយសម្រួលដល់រថយន្តដឹកស្រូវឲ្យបានចូលតាមលេខរៀងលំដាប់លំដោយកុំឲ្យរថយន្តដឹកស្វាយមកក្រោយ តែបែរបានទៅមុន។

ទោះជាយ៉ាងណាក្រុមអាជីវករ សូមសំណូមពរដល់រាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តព្រៃវែង ក៏ដូចក្រសួងដែលពាក់ព័ន្ធ មេត្តាជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យឈ្មួញវៀតណាម ឆ្លងដែនចូលមកទិញស្រូវនៅត្រឹមបេន ក្នុងទឹកដីខ្មែរវិញទៅ ដើម្បីឱ្យកម្មករខ្មែរមានការងារធ្វើផង ហើយពួកគាត់ក៏កាត់បន្ថយការចំណាយច្រើនដែរ។

បើតាមលោកខៀវ ហ៊ាន ប្រធានច្រកទ្វារអន្តោប្រវេសន៍ព្រំដែនអន្តរជាតិបន្ទាយចក្រីបានប្រាប់ឲ្យដឹងថា នៅច្រកបន្ទាយចក្រីនេះ សម្បូរទៅដោយកសិផលនាំចេញដូចជាស្រូវនិងស្វាយ។ ហើយបន្ទាប់ពីចូលឆ្នាំចិននេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ចំពោះស្រូវនាំចេញច្រើន ហើយចំពោះស្វាយវិញគឺមានរដូវកាលក្នុងមួយឆ្នាំមាន ពីររឺបីខែប៉ុណ្ណោះ ស្រូវគឺមានជាប់ជានិច្ច។

ចំណែកការសម្រួលចរាចរណ៍នៅច្រកនេះវិញ សមត្ថកិច្ចរបស់លោកបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលដល់ការនាំចេញកសិផលរបស់យើងឲ្យបានរលូន តែក៏មានការកកស្ទះមួយចំនួនខ្លះដែរ ដោយសាររថយន្តស្រូវមានច្រើនចាប់ពី ១៥០ គ្រឿងទៅ ២៥០គ្រឿងក្នុង ១ថ្ងៃ ហើយភាគីវៀតណាម អនុញ្ញាតឱ្យរថយន្តចូលម្ដងតែ ៥ គ្រឿងតែប៉ុណ្ណោះ។ ចំពោះទំនិញស្វាយលោកបានសម្រួលឲ្យទៅមុនដោយសារទំនិញនេះឆាប់ខូច ទុកយូរមិនបាន ដូច្នេះសូមបងប្អូនអាជីវករដឹកស្រូវទាំងអស់កុំមានការអាក់អន់ស្រពន់ចិត្ត។

បើតាមមន្ត្រីចត្តាឡីសក័ប្រចាំការនៅច្រកអន្តរជាតិបន្ទាយចក្រីក៏បានឲ្យដឹងដែរថា ក្នុងនាមជាមន្ត្រីសុខាភិបាលបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគទៅលើរថយន្តដែលចេញចូលនៅតាមច្រកទ្វារនេះ និងឱ្យ តៃកុងទ្បានចុះលាងដៃជាមួយអាកុល វាស់កំដៅគោរពទៅតាមកាណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនឲ្យមានករណីឆ្លងតាមច្រកនេះឡើយ។

សូមបញ្ជាក់ថា ទោះបីជាជំងឺកូវីដ-១៩ បានផ្ទុះឡើង និងបានបង្ខំឱ្យមានការបិទទ្វារព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាមក្តី ប៉ុន្តែ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំង២ គឺនៅតែអាចធ្វើឡើងជាធម្មតា។

ជាក់ស្តែងសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៅតែមានការនាំចេញនាំចូលទំនិញទៅវិញ ទៅមកជាធម្មតា ក្នុងនោះទំនិញនាំចូលពីប្រទេសវៀតណាម មានដូចជា ត្រី បន្លែ បង្កង សាច់ និងគ្រឿងទេសជាដើម។ ចំណែកទំនិញនាំចេញពីកម្ពុជា ទៅវៀតណាមវិញមានតែ ២មុខប៉ុណ្ណោះ គឺស្វាយ និងស្រូវ៕