(ភ្នំពេញ)៖ សៀវភៅ «អាស៊ីអាគ្នេយ៍២០ឆ្នាំក្នុងសង្រ្គាម CIA» បោះពុម្ភលក់តែមួយប្រាវសោះក៏លក់ដាច់អស់ជិត ៣,០០០ ក្បាលទៅហើយ ខណៈប្រជាពលរដ្ឋក្នុងប្រទេសពិតជាមានការពេញនិយមយ៉ាងខ្លាំង ចំពោះការអានសៀវភៅដ៏ពិសេសមួយនេះ។ ប្រការនេះបានជំរុញទឹកចិត្តដល់អ្នកនិពន្ធឱ្យសម្រេចបោះពុម្ភបន្ថែមទៀត ដើម្បីបំពេញតម្រូវការជូនមិត្តអ្នកអានឱ្យបានច្រើនបន្ថែមទៀត។

សៀវភៅអាស៊ីអាគ្នេយ៍២០ឆ្នាំក្នុងសង្រ្គាម CIA នេះ ជាស្នាដៃទីពីររបស់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ អេង ប៉ូលីត សូឡារី ដែលធ្លាប់សិក្សានៅសហព័ន្ធរុស្ស៉ី។

សារៈសំខាន់នៃការផលិតសៀវភៅនេះ គឺក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរជ្រួតជ្រាបបន្ថែមអំពីប្រវត្តិសាស្រ្តរបស់ពិភពលោក ក៏ដូចជាមហាអំណាចធំៗ ជាពិសេសកិច្ចការរបស់ CIA នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ។ សៀវភៅនេះបានសរសេរអំពីប្រវត្តិនៃសោកដនាកម្មនៅអាស៊ីអាគ្នេយ៍ ជម្លោះប្រដាប់អាវុធ សង្រ្គាមនៅតំបន់អាស៊ី ដោយមានការលូកដៃពីបរទេស។

សៀវភៅអាស៊ីអាគ្នេយ៍២០ឆ្នាំក្នុងសង្រ្គាម CIA មានចំនួន ២៣៤ ទំព័រ។ លើកទីមួយលោកបានបោះពុម្ពចំនួន ៣,០០០ ក្បាល ចេញលក់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកន្លងទៅរយៈពេល២០ថ្ងៃមកនេះលក់ដាច់ជិតអស់ហើយដែរ។ នេះក៏ដោយសារប្រជាពលរដ្ឋ ពិសេសមិត្តអ្នកអានមានការជក់ចិត្តយ៉ាងខ្លាំងក្នុងការតាមដានស្ថានការណ៍នយោបាយ ដែលបានសរសេរយ៉ាងលម្អិតក្នុងសៀវភៅដ៏ពិសេសមួយនេះ។

សៀវភៅអាស៊ីអាគ្នេយ៍២០ឆ្នាំក្នុងសង្រ្គាម CIA មានលក់នៅតាមបណ្ណាគារ តូបលក់នានានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀតផងដែរ។

សូមជំរាបថា លោក អេង ប៉ូលីត សូឡារី បានសិក្សាជំនាញនីតិសាស្ត្រនៅរាជធានីភ្នំពេញ រួចហើយលោកទទួលអាហារូបករណ៍ទៅសិក្សានៅម៉ូស្គូ ឯកទេសវិទ្យាសាស្ត្រនយោបាយ ក្នុងរយៈពេល ៦ ឆ្នាំ។ បន្ទាប់មក និស្សិតរូបនេះរៀនចប់ជំនាញមួយទៀត ផ្នែកទំនាក់ទំនងអន្តរជាតិនៅឆ្នាំ២០១៣។ អំឡុងពេលបន្តវិជ្ជានៅរដ្ឋធានីម៉ូស្គូ លោកបានត្រូវជ្រើសតាំងជាប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី។ ក្នុងគន្លងវិជ្ជាជីវៈ លោកធ្លាប់បានបម្រើការរយៈពេល ៤ ឆ្នាំ នៅវិទ្យាសា្ថនអាស៊ី-អាហ្វ្រិក នៃសកលវិទ្យាល័យរដ្ឋម៉ូស្គូ ឡូម៉ូណូសូវ (Lomonosov)។ ស្នាដៃដំបូងរបស់លោកដែលចេញផ្សាយកាលពីឆ្នាំ២០១៩ គឺសៀវភៅ «ពូទីន ២០ឆ្នាំក្នុងអំណាច»