(កំពង់ចាម)៖ ពិតជាការធ្វេសប្រហែសណាស់ ដែលរថយន្ត Vigo មួយគ្រឿងបានដឹកទុយោពេញ ហៀរចេញមកខាងក្រៅរថយន្ត ហើយពេលកំពុងបើកបរនោះ ស្រាប់តែទុយោទៅវ័ធចំស្រ្តី២នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នា បណ្តាឲ្យដួលស្លាប់ និងរងរបួសធ្ងន់គួរឲ្យអាសូរយ៉ាងពន់ពេក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចខាងជើងស្ពានព្រែក ភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម។

មន្រ្តីនគរបាលចរាចរណ៍ជើងគោក ក្រុងកំពង់ចាម បានប្រាប់ Fresh Newsថា រថយន្តបង្កម៉ាក Vigo ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2G-3267 បើកបរដោយបុរសម្នាក់ឈ្មោះ ចេង​ វិសាល អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ22B សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

ដោយឡែក ជនរងគ្រោះដែលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុមានឈ្មោះ សេក បូវីន អាយុ៣០ឆ្នាំ រស់នៅភូមិ៤ សង្កាត់វាលវង់ និងជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ពុល ស៊ីបូរីន។ បើតាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង​ម៉ាក PCX ពណ៌សគ្មានស្លាកលេខ បានធ្វើដំណើរពីត្បូងជើង ពេលនោះ រថយន្តបង្កមកពីខាងមុខដែលដឹកទុយោពេញ ស្រាប់តែទុយោនោះបានវ័៍ធត្រូវជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ បោកត្រឡប់ត្រឡិនរហូតស្លាប់ និងរបួសតែម្តង។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើករថយន្ត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ហើយនគរបាលក៏បង្ហាញការសោកស្តាយផងដែរ ​ចំពោះជនរងគ្រោះទាំង២នាក់ បើសិនបានពាក់មួកសុវត្ថិភាពក៏មិនរងគ្រោះដល់ថ្នាក់នេះដែរ។ ក្រោយកើតហេតុ ទាំងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក​ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕