(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមអធិបតីលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួមមានពីលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន១៦រូប។

កិច្ចប្រជុំនេះក្នុងគោលបំណង៖

*ទី១៖ ពិនិត្យអនុម័តរបាការណ៍ការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងផែនការសកម្មភាពឆ្នាំ២០២១
*ទី២៖ ពិនិត្យនិងអនុម័តរបាការណ៍ហិរញ្ញវត្ថុ២០២០ និងផែនការហិរញ្ញវត្តប្រចាំឆ្នាំ២០២១
*ទី៣៖ ពិភាក្សាបង្ហាប្រឈមផ្សេងៗ។

លោក កុសុម សុភីនារ៉ា នាយកសាខាបានជម្រាបជូនថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាក្នុងឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសម្រេចបាន ក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមាន៖

*ការងារគ្រប់គ្រងគ្រោះមហន្តរាយ
*ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍
*ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌
*ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍធនធាន ដែលលទ្ធផលទាំងនេះ បានឆ្លើយតបគ្រោះមហន្តរាយ ហើយលទ្ធផលល្អប្រសើរក្នុងនោះបានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋសរុបបាន ១៧៣លើកស្មើចំនួន ៥,៦២០គ្រួសារ ( កើនឡើង ៦៥លើកស្មើ ២,៥៣៨គ្រួសារ ប្រៀបធៀបឆ្នាំ២០១៩ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន បានតាមដានសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីគណៈកិត្តិយសសាខា សប្បុរសជន អាជ្ញាធរនិងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក និងក្រុមប្រតិបត្តិមានការសហការល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចទទួលបានលទ្ធផលល្អ និងបន្តខំប្រឹងបន្ថែម ដើម្បីឲ្យសាខាកាកបាទក្រហមខេត្តមានការរីកចម្រើនទៅមុខ និងបន្តកៀរគរសប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់គាំទ្រសកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តកំបាត់ដំបង ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងជួបនូវបញ្ហា ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងស្ថានភាពដែលពិភពលោកក៏ដូចជា កម្ពុជាយើងជួបវិបត្តិនូវជំងឺកូវីដ១៩ ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត តែងបានរួមសហការគ្នាល្អ ជាមួយអាជ្ញាធរ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបានដោះស្រាយការខ្វះខាតជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាពជាពិសេស ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យសមាជិក សមាជិកទាំងអស់បន្តផ្សព្វផ្សាយនឹងចូលរួមទប់ស្កាត់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរួមមាន៖

*៣ ការពារ៖ ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង៣កុំ៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។

ឆ្លៀតក្នងឱកាសនោះ លោកបណ្ឌិតប្រធានគណៈកម្មាធិការសាខាក៏បានថ្លែងនូវអំណរគុណចំពោះព្រះសង្ឃ លោក លោកស្រី លោកឧកញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋានដែលកន្លង មកតែងបានជួយឧបត្ថម្ភគាំទ្រ ដល់សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋានពិសេស អំឡុងពេលគ្រោះទឹកជំនន់កន្លងមក។

កិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខាដែលក្នុងនោះគឺសកម្មភាពការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍របស់អនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ និងសាខាមានប្រព័ន្ធពិនិត្យតាមដានវាយតម្លៃនិងរបាយការណ៍ដែលមានប្រសិទ្ធភាពនិងទៀងទាត់។

ជាកិច្ចបញ្ចប់ លោក លោកស្រី សមាជិកសមាជិកា គណៈកម្មាធិការសាខាបានពិនិត្យអនុម័តលើក របាកាណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០និងផែនការសកម្មភាពអនុវត្តន៍បន្តឆ្នាំ២០២១ ប្រកបដោយសេចក្តីរីករាយ៕