(ឧត្តរមានជ័យ)៖ អំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប រួមមាន៖ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ គិតជាទឹកប្រាក់សរុប ៤២,៥០០,០០០រៀល ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ សម្រាប់ប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លី យ៉ងផាត់ ដែលជានិច្ចជាកាលតែងបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកា ចំពោះអង្គភាពស្នងដ្ឋានការនគរបាលខេត្ត ដែលមានតួនាទីបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងបុព្វហេតុការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តនិងនៅតាមព្រំដែនក្នុងខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងយ៉ាងដូច្នេះទៀតថា ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីរាលដាលឆ្លងចូលក្នុងសហគមន៍ កងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ កំពុងតែបំពេញបេសកកម្ម ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងនៅតាមមណ្ឌលធ្វើចត្តាឡីស័កនានានៅក្នុងខេត្តយ៉ាងសកម្ម។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានថ្លែងទៀតថា ការផ្តល់អំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ នៅពេលនេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលកំពុងឈរជើងតាមគោលដៅ នានាក្នុងបេសកកម្មចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ហើយក៏បានបញ្ជាក់ឲ្យឃើញពីការចូលរួមរបស់អ្នកឧកញ៉ាជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្តឧត្តរមានជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននៅពេលនេះ រួមមាន៖អង្ករ១០តោន ទឹកត្រី១០០យួរ ទឹកស៊ីវអ៊ីវ១០០យួរ មី១០០កេស ត្រីខកំប៉ុង១០០យួរ ទឹកបរិសុទ្ធ១០០យួរនិងតង់ចំនួន២០ សរុបទឹកប្រាក់៤២,៥០០,០០០រៀល៕