(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំទៅកាន់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវរៀបចំចាក់វ៉ាក់សាំង Astra Zeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក ជូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង Astra Zeneca ជាលើកដំបូង នៅមន្ទីរពេទ្យកាល់ម៉ែត សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការចាក់វ៉ាក់សាំង Astra Zeneca ជូនប្រជាពលរដ្ឋទូទៅនេះ ត្រូវធ្វើជំហ៊ានដំបូងនៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ជាការប្រញាប់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ប៉ុន្ដែក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋទូទៅ ដែលមានអាយុ៦០ឆ្នាំឡើង ត្រូវចាក់វ៉ាក់សាំង Astra Zeneca។ ដោយឡែក អ្នកដែលមានអាយុក្រោម៥៩ឆ្នាំ ត្រូវចាក់វ៉ាក់សាំង Sinopharm ដែលជាវ៉ាក់សាំងជំនួយរបស់ចិន ផ្ដល់មកកម្ពុជាមុនដំបូងគេបង្អស់ ហើយកំពុងបន្ដចាក់ជូនមន្ដ្រីអាទិភាព។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការរក្សាទុកវ៉ាក់សាំងស៊ីណូហ្វាម មានរយៈពេល១ឆ្នាំ នឹងផុតកំណត់ ចំណែកវ៉ាក់សាំង Astra Zeneca មានរយៈពេលត្រឹម៦ខែប៉ុណ្ណោះ នឹងហួសពេលកំណត់។

ក្រៅពីការចាក់វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋកម្ពុជាទូទៅនោះ សម្ដេចតេជោ ហ៊ុន សែន ក៏អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Astra Zeneca ជូនដល់មន្ដ្រីទូត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៉ីវិលដែលកំពុងបម្រើការងារនៅប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ សម្ដេចក៏ស្នើពិនិត្យឲ្យចាក់វ៉ាក់សាំងជូនជនបរទេសផ្សេងទៀតដូចគ្នាដែរ ដើម្បីទទួលបានអាទិភាព។

សូមរំលឹកថា វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះគឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

គិតមកដល់ត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានចាក់លើកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលសរុបប្រមាណ១២៥,៦៦៨នាក់ ខណៈអ្នកចាក់លើកទី២ បានចំនួន ៧៦៨៦នាក់៕