(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា លទ្ធភាពក្នុងការទទួលបានជំនួយវ៉ាក់សាំងចិន អាចនឹងលើសពី១លានដូស ខណៈ៤០ម៉ឺនដូសបន្ថែម នឹងមកដល់មុនចូលឆ្នាំខ្មែរ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីមូលហេតុដែលសម្តេចមិនចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយសារតែកត្តាអាយុ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលសម្តេច ចេញទទួលវ៉ាក់សាំងរបស់ចិនដោយផ្ទាល់ ដោយសារតែវ៉ាក់សាំងនោះជាជំនួយដំបូងដែលបានមកដល់កម្ពុជា

* ឆ្លើយតបនឹងអ្នករិះគន់ សម្តេចតេជោ ហ៊ុន សែន អះអាងថា ចិនមិនដែលបង្គាប់ បញ្ជាមកលើកម្ពុជានោះទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ដៃគូអន្តរជាតិនានា ដែលបានជួយសម្រួបសម្រួលក្នុងការផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសកម្ពុជាជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលវ៉ាក់សាំងពីកូវ៉ាក់

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលខាងមុខកម្ពុជា នឹងអាចនឹងទទួល វ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាជន ពីកូវ៉ាក់ ប៉ុន្តែការទទួលនេះ នឹងធ្វើឡើងតាមដំណាក់ ដែលឆមាសទី១ នឹងបានជាង១លានដូស

* សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង Astra Zeneca ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការរក្សាទុក វ៉ាក់សាំងស៊ីណូហ្វាម មានរយៈពេល១ឆ្នាំ នឹងផុតកំណត់ ចំណែកវ៉ាក់សាំង Astra Zeneca មានរយៈពេលត្រឹម៦ខែប៉ុណ្ណោះ នឹងហួសពេលកំណត់ហើយ

* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្រ្តីទូត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលជាដើម អាចចាក់វ៉ាក់សាំង Astra Zeneca នៅកម្ពុជាបាន

* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យជនបរទេសដែលកំពុងធ្វើការ និងរស់នៅកម្ពុជា អាចចាក់វ៉ាក់សាំង Astra Zeneca នៅកម្ពុជាបាន

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មន្រ្តី និងប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងលើ នឹងផ្តល់លទ្ធភាពឱ្យចាក់វ៉ាក់សាំង Astra Zeneca ចំណែកអ្នកអាយុ៥៩ឆ្នាំ ចុះក្រោម អនុញ្ញាតឱ្យចាក់វ៉ាក់សាំង Sinopharm ដោយសារវ៉ាក់សាំងមានកម្រិត

* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀតថា ការចាក់វ៉ាក់សាំងជូន មន្រ្តី ប្រជាពលរដ្ឋ និងជនបរទេស គឺឥតគិតថ្លៃទេ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយមាស ក្នុងការលុបបំបាត់កូវីដ១៩ពីកម្ពុជានោះទេ ប៉ុន្តែត្រូវបូករួមជាមួយនឹងវិធានការ បីកុំបីការពារ ថែមទៀត

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រហូតមដល់ពេលនេះមិនមានប្រភពណាបញ្ជាក់ច្បាស់ថា ការចាក់វ៉ាក់សាំងនឹងមានប្រសិទ្ធភាពការពារ ក្នុងរយៈពេលណាមួយ ឬ១ជីវិតនោះទេ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលខាងមុខប្រទេសលើពិភពលោក នឹងខិតខំរកលុយដើម្បីតែទិញវ៉ាក់សាំងប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះថៃ និងវៀតណាម គ្រប់គ្រងស្ថានការណ៍កូវីដ១៩ បានវិញហើយ តែពួកគេភ័យខ្លាច និងទប់ស្កាត់ អ្នកជំងឺចេញពីកម្ពុជាវិញម្តង។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាទទួលយកការផ្គត់ផ្គង់វ៉ាក់សាំង១សែនដូសពីឥណ្ឌា ប៉ុន្តែស្នើទិញ១លានដូសថែមទៀត នៅខែឧសភា ខាងមុខនេះ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆមាសទី២ ឆ្នាំ២០២១ លទ្ធភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនៅលើពិភពលោក អាចនឹងធូរស្រាល

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រៅពីវ៉ាក់សាំងស៊ីណូហ្វាម និង Astra Zeneca កម្ពុជាកំពុងពិនិត្យមើលវ៉ាក់សាំងប្រភេទផ្សេងៗមួយចំនួនទៀត

* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងក្រុមប្រឆាំងដែលបំផ្លើសការពិតថា អ្នកចាក់វ៉ាក់សាំងចិន ស្លាប់អស់ហើយ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ កុំទៅកាន់ខេត្តព្រះសីហនុ បើមិនចាំបាច់ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងខេត្តមួយរយៈ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់

* សម្តេចតេជោ ហ៊ុន សែន ឯកភាពជាមួយសំណើក្រសួងអប់រំ ឱ្យបិទសាលារៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈបន្តទៀត

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងទៀត គឺដើម្បីដាក់ទោសទណ្ឌអ្នកដែលបំពានបម្រាម អំឡុងរីករាលដាល ដោយសារអនុក្រឹត្យកន្លងមក គ្រាន់តែផាកពិន័យប៉ុណ្ណោះ

* ក្រោយចាក់វ៉ាក់សាំងកូវីដ១៩រួច សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ខ្ញុំដូចជាមិនដឹងចាក់វ៉ាក់សាំងផងទេ ខ្ញុំអត់មានឈឺអីទេ»

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជាថ្មីដល់រដ្ឋាភិបាលអូស្រ្តាលី ដែលផ្តល់ជំនួយដល់កម្ពុជា២៨លានដុល្លារ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ម្តងទៀតថា កុំខ្វល់វ៉ាក់សាំងប្រទេសណា តែត្រូវខ្វល់ថា ទិញវ៉ាក់សាំងដោយវិធីណា ដោយសារពិភពលោកកំពុងខ្វះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកប្រព្រឹត្តខុសរឿងបំពានបម្រាមកូវីដ១៩ បើមកដល់ខ្ញុំហើយ មិនទម្លាក់ស័ក្តិទេ គឺបកស័ក្តិតែម្តង

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ សម្តេចនៅតែជាបេក្ខជននាយករដ្ឋមន្រ្តី

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង១១៖២១នាទីព្រឹក ថ្ងៃដដែលនេះ ក្រោយចាក់វ៉ាក់សាំង Astra Zeneca៕