(ខេត្តក្រចេះ)៖ ករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់បាត់ជីវិត យ៉ាងអណោចអធ័ម ទាំងកាយអាក្រាត និងបុរសម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១១៖២០យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ម៉ុន ស្រីញឹប ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាកូនក្រមុំ) , ទី២ឈ្មោះ ឡើក ឡើត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា បានរងរបួសធ្ងន់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល (ត្រូវជាកូនកម្លោះ)។

មុនពេលកើតហេតុ ជាថ្ងៃចូលរោង រៀបអាពាហ៍ពិពាហ៍ លុះល្ងាចឡើងកម្មវិធីចូលរោង ចប់សព្វគ្រប់នៅវេលាម៉ោងប្រហែល៩ ពីរនាក់កូនក្រមុំ និងកូនកម្លោះ បានបណ្តើគ្នាទៅងូតទឹក នៅឯអណ្តូងនៅវាលស្រែនៅខាងក្រោយផ្ទះ ក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពកាប់ជនរងគ្រោះ ទាំងពីរនាក់ខាងលើតែម្តង លុះដល់វេលាម៉ោងប្រមាណជាង ១១យបទើបក្រុមគ្រួសារបានដឹង។

លោកវរសេនីយ៍ទោ ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នជនមានតម្រុយមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចនគរបាល ជំនាញកំពុងធ្វើការស្រាវជ្រាវ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕