(​វ៉ាស៊ីនតោន​)៖ មជ្ឈមណ្ឌល​ការពារ និង​គ្រប់គ្រង​ជំងឺ​ផ្សេងៗ​របស់​សហរដ្ឋអាមេរិក (CDC) បាន​ចេញ​សេចក្តីណែនាំ​មួយ​ទៅ​កាន់​ស្ត្រី​ជា​ជាតិ​អាមេរិក​ទាំងអស់ ដែល​កំពុង​មាន​ផ្ទៃពោះ មិនគួរ​ទៅ​ទស្សនា​ការប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០១៦ នៅក្នុង​ប្រទេសប្រេ​ស៊ីល​នោះឡើយ ព្រោះ​រដ្ឋាភិបាល មាន​ការព្រួយបារម្ភ អំឡុង​ពេល​ដែល​វីរុស​ហ្ស៊ី​កា (Zika) កំពុង​ផ្ទុះឡើង​ធ្ងន់ធ្ងរ​ជាងគេ នៅ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ ដោយ​មិន​ទាន់​ធូរស្រាល​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

​ការណែនាំ​យ៉ាងទទូច​នេះ ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក បន្ទាប់ពី​គេ​បាន​សិក្សា និង​ស្វែងយល់​កន្លង​មក​អំពី​វីរុស​ហ្ស៊ី​កា ដែល​វា​មាន​គ្រោះថ្នាក់​ខ្លាំងក្លា​បំផុត ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ស្ត្រី​ដែល​ឆ្លង​ជំងឺ​នេះ នឹង​ធ្វើ​ឲ្យ​កូន​ដែល​កើត​មាន​ក្បាល​តូច និង​ប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​ក្មេង​យ៉ាងធ្ងន់ធ្ងរ​។​

​យ៉ាងណាក៏ដោយ CDC បាន​ប្រាប់​ឲ្យ​ប្រជាជន​ដែល​បាន​ទៅ ទស្សនា​ការប្រកួត​កីឡា​អូឡាំពិក​ទាំងអស់ ត្រូវ​ពិនិត្យ​សុខភាព​ជា​មុន និង​ឲ្យបាន​ទៀតទាត់​ដើម្បី​ឲ្យ​ប្រាកដ​ថា​ពួកគេ​នឹងមិន​ចម្លង​វីរុស​ទាំងនោះ ត្រឡប់​មក​ស្រុក​វិញ​ឡើយ ជាពិសេស​គឺ​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង​៕​