(បន្ទាយមានជ័យ)៖ ដើម្បីឲ្យការអនុវត្តឲ្យបានល្អប្រសើរនៃរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តារផ្សារឲ្យមានរបៀបរៀបរយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានធ្វើការណែនាំដល់ម្ចាស់ផ្សារ អ្នកម៉ៅភាស៊ី ចូលរួមសហការរៀបចំទីតាំងផ្សារឲ្យមានសណ្តាប់ធ្នាប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពិសេសត្រូវប្រមូលសំរាម ឲ្យបានទៀងទាត់ មួយវិញទៀតមិនត្រូវឲ្យយានជំនិះចតនៅលើចិញ្ចើមផ្លូវជាដាច់ខាត ដែលវាអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។

លោក ហ៊ឹល រ៉ាយ៉ា ណែនាំដូចនេះនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញម្ចាស់ផ្សារ អ្នកម៉ៅភាស៊ីផ្សារ នៅក្នុងក្រុង បើកកិច្ចប្រជុំនៅសាលប្រជុំ សាលាក្រុងសិរីសោភ័ណ ដើម្បីរៀបចំសណ្តាប់ធ្នាប់ផ្សារឱ្យបានរៀបរយ។

ដោយឡែកពាក់ព័ន្ធទៅនឹងការសំយាបផ្សេងៗ លោក ហ៊ឹល រ៉ាយ៉ា ក៏បានណែនាំដល់អាជ្ញាធរ សង្កាត់ ម្ចាស់ផ្សារ អ្នកម៉ៅភាស៊ី ត្រូវណែនាំដល់អាជីវករលក់ដូរជាម្ចាស់តូប មុននឹងសាងសងឬតសំយាប ត្រូវដាក់ពាក្យស្នើរសុំមកអាជ្ញាធរចៀសវាងធ្វើទៅប៉ះពាល់ដល់ចំណីផ្លូវសាធារណៈ។ ជាមួយគ្នានោះលោកក៏បានជំរុញដល់សង្កាត់ទាំង៤ ដែលបានចូលរួម ត្រូវធ្វើការផ្សព្វផ្សាយចាប់ពីពេលនេះតទៅដល់បណ្តារអាជីវករឱ្យបានដឹង និងចូលរួមជាមួយអាជ្ញាធរ។

ជាមួយគ្នានោះលោកឧត្ដមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែកការងារសណ្តាប់ធ្នាប់ ក៏បានធ្វើការសំណូមឲ្យមានការសហការជាមួយសមត្ថកិច្ច ក្នុងការរៀបចំ សណ្តាប់ធ្នាប់ដោយមិនត្រូវអនុញ្ញាតឲ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពផ្សារ និងអាចបង្កគ្រោះជាយថាហេតុណាមួយកើតឡើង។ លោកក៏បានជំរុញបន្ថែមដល់សង្កាត់ពាក់ព័ន្ធ សូមចូលរួមសកម្មភាពទាំងនេះឲ្យបានញឹកញាប់ ពិសេសត្រូវចុះពិនិត្យឲ្យបានជាប្រចាំផងដែរ៕