(ភ្នំពេញ)៖ អ្នកលក់ផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន Unicity មួយរូបឈ្មោះ ស៊ុម ណារី បានបញ្ចុះបញ្ចូលយុវជនពីររូប នៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ឱ្យទៅខ្ចីលុយធនាគារជាង ៣ម៉ឺនដុល្លារអាមេរិក ដើម្បីយកមកទិញផលិតផលបំប៉នសុខភាពពីក្រុមហ៊ុនយកទៅចែកចាយ។

យុវជនពីរនាក់បងប្អូន ដែលត្រូវស្ត្រីរូបល្បួងឱ្យខ្ចីលុយធនាគារទៅទិញផលិតផលនេះ មានឈ្មោះ វ៉ាន់ សុខរ៉េត និង វ៉ាន់ សុខរី មានឪពុកឈ្មោះ វ៉ាន់ ដារា និងម្តាយឈ្មោះ កង កល្យាណ។

យោងតាមឪពុកម្តាយរបស់យុវជនទាំងពីរ បានរៀបរាប់ថា ស្ត្រីឈ្មោះ ស៊ុម ណារី បានព្យាយាមអូសទាញកូនប្រុសរបស់គាត់ឱ្យទៅរៀនទ្រឹស្តីជោគជ័យក្នុងការលក់ផលិតផលជាមួយពួកគេ។ លុះសប្តាហ៍កន្លងទៅនេះ ស្ត្រីឈ្មោះ ស៊ុម ណារី បានទៅជាមួយកូនប្រុសរបស់គាត់ដល់ផ្ទះនៅស្រុកកំណើត ដោយបញ្ចុះបញ្ចូលពួកគាត់យកប្លង់ផ្ទះ និងដី ទៅខ្ចីលុយធនាគារជាង ៣ម៉ឺនដុល្លារយកទៅវិនិយោគទិញផលិតផលចែកចាយបន្ត។

បើតាមអាណាព្យាបាល បានគូសបញ្ជាក់ថា ស្ត្រីឈ្មោះ ស៊ុម ណារី បានបញ្ចុះបញ្ចូលកូនប្រុសរបស់ពួកគាត់ដោយអះអាងពីឱកាសចំណេញលុយឆាប់រហ័សមកវិញ ហើយអាចមានឱកាសមានបានលឿនផងដែរ។

ស្រ្តីរូបនេះ គេបានអះអាងថា ក្នុងទំហំទឹកប្រាក់ជាង ៣ម៉ឺនដុល្លារនេះកុមមីសសិន (commission) មកវិញប្រមាណ ៧៥០០ដុល្លារ ក្នុងរយៈពេល២០ថ្ងៃ ក្រោយការវិនិយោគ។ ស្ត្រីរូបនេះ អះអាងទៀតថា បើពួកគេមិនបានប្រាក់ commission ក្នុងរយៈពេល ២០ថ្ងៃក្រោយការវិនិយោគទេ រូបគេនិងទទួលខុសត្រូវដោយជួយលក់ឱសថ និងចំនួន៨ខែ ហើយបើមិនអស់ស្រីរូបនេះ នឹងទិញយកទាំងអស់វិញ ហើយសង់លុយជាង ៣មឺុនដុល្លារហ្នឹងមកវិញ។

ដោយទទួលស្តាប់ការបញ្ចុះបញ្ចូល និងអួតអាងរបស់ស្ត្រីរូបនេះ យុវជនជនបទគ្មានជំនាញវិជ្ជាជីវៈទាំងពីររូប បានជឿស្លុង ហើយបានទៅរំអុកឪពុកម្តាយដែលមានវ័យចំណាស់ចូល៦០ឆ្នាំ និងជំងឺប្រចាំកាយផងនោះ ឱ្យយកប្លង់ដី និងផ្ទះទៅដាក់បញ្ចាំនៅធនាគារយកលុយជូនពួកគេទិញផលិតផលយកទៅចែកចាយ។

សម្បត្តិជាកសិករធ្លាប់កាន់តែលុយរៀលឮតែកូនតម្រូវឱ្យខ្ចីលុយដុល្លាររាប់ម៉ឺនស្ទើរគាំងបេះដូង ដោយបារម្ភខ្លាចចាញ់បោកគេមិនអាចស្វែងលុយសងធនាគារត្រូវអស់ផ្ទះអស់ជម្រក។ ទន្ទឹងនឹងបារម្ភកូនមិនអាចរកលុយសងធនាគារ និងខ្លាចចាញ់បោកគេផងនោះ ទាំងលោក វ៉ាន់ ដារា និងអ្នកស្រី កង កល្យាណ បានត្រឹមអង្គុយយំព្រោះខ្លាចកូនប្រុសរបស់ខ្លួន គិតខ្លីធ្វើអ្វីមួយមិនគួរគប្បី បើខ្លួនមិនទៅខ្ចីលុយឲ្យពួកគេ។

ដោយយល់ថានេះជាទង្វើរកស៊ីមិនសុច្ចរិតនោះ លោក វ៉ាន់ ដារា និងអ្នកស្រី កង កល្យាណ ទទូចដល់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធពិចារណាលើសកម្មភាពរកស៊ី និងយុទ្ធសាស្ត្ររបស់អ្នកលក់ផលិតនេះទៅតាមច្បាប់មានជាធរមាន៕