(បាត់ដំបង)៖ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់នៅផ្សារព្រែកតាច្រែង និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារ ស្ថិតនៅ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់។

លោក ហាក់ សុខរិន ប្រធានសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានឲ្យដឹងថា មន្រ្តីជំនាញបានចុះត្រួតពិនិត្យ ទំនិញនៅក្នុងនិងជុំវិញផ្សារខាងលើ ដោយធ្វើតេស្តបឋមទៅលើពពុះសណ្ដែក ជ្រក់ទំពាំង ជ្រក់ស្ពៃ ណែមសាច់ត្រី សរសៃគុយទាវ (តូច+ធំ) មីលឿង មឹក បង្គា។

ជាលទ្ធផលបានរកឃើញមាន៖ ពពុះសណ្ដែកចំនួន ៣គីឡូក្រាម មាន Borax ដៃមឹក ២.៥ គីឡូក្រាមមាន Formalin និងមីកំប៉ុង ចំនួន៦.៥០គីឡូក្រាម ហួសកាលបរិច្ឆេទ សរុប១២គីឡូក្រាម និងបានដកហូតយកមកដុតកំទេចចោលភ្លាមៗ។

លោកបានបញ្ជាក់ថា ក្នុងនាមមន្រ្តីជំនាញតែងតែចុះត្រួតពិនិត្យជាប្រចាំលើកាលក់ដូរនៅតាមផ្សារ ផ្ទះល្វែងក្នុងភូមិសាស្រ្តខេត្តបាត់ដំបងរហូតមក និងធ្វើការរឹតបន្តឹង ក្នុងការលក់ដូរទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានដាក់លាយសារធាតុគីមីជាដើម ព្រមទាំងបានធ្វើការអំពាវនាវ អប់រំនៅនឹងកន្លែងដល់អាជីវករ លក់ដូរត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងការលក់ទំនិញទាំងនេះបន្តទៀត និងអំពាវនាវដល់ទាំងអ្នកទិញ និងអ្នកលក់នាំគ្នាទប់ស្កាត់ ឲ្យបាននូវការលក់ទំនិញខូចគុណភាព ទាំងនេះបន្តទៀត ព្រោះធ្វើឲ្យមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕