(សៀមរាប)៖ អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។

ក្នុងន័យនេះ ស្របនឹងការអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិ អាជ្ញាធរជាតិអប្សរាបានរំលេចនូវការងាររបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ដែលជាផ្នែកមួយដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាល ពង្រឹងចំណេះដឹងដល់ធនធានយុវជនជំនាន់ក្រោយ ទាក់ទងនឹងកិច្ចការអភិរក្ស ការអភិវឌ្ឍ ទំនៀមទម្លាប់ ប្រពៃណី សាសនា របកគំហើញថ្មីៗ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាក់ស្តែងក្នុងឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១៨វគ្គ ក្នុងន័យចែករំលែកបទពិសោធន៍ ក៏ដូចជាផ្ទេរចំណេះដឹងពីអ្នកចេះច្រើនដល់អ្នកចេះតិច ដើម្បីនិរន្តរភាពអ្នកបន្ដវេន។

វគ្គបណ្ដុះបណ្ដាលទាំងនោះរួមមានប្រធានបទទាក់ទងនឹងវិស័យបេតិកភណ្ឌ ការអភិរក្ស ប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់ សាសនា ក៏ដូចជាការរកឃើញរបកគំហើយថ្មីៗដែលមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរដោយការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងសាធារណជនជាសិក្ខាកាមសរុបប្រមាណ ៧១៥ នាក់។

បន្ថែមពីនោះ មជ្ឈមណ្ឌលនេះបានរៀបចំបាឋកថា ដែលមានវាគ្មិនជាច្រើនរូបចូលរួម និងបានចែករំលែកចំណេះដឹង បទពិសោធន៍ដល់មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា មគ្គុទ្ទេសក៍ សាធារណជន និងអ្នកស្រាវជ្រាវដែលកំពុងបំពេញភារកិច្ចក្នុងតំបន់អង្គរបានចំនួន ៤ បាឋកថា សរុបមានសិក្ខាកាមចំនួន ២០០ នាក់៕