(ពោធិ៍សាត់)៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៏ឯក ញឹម នី មេបញ្ជាការរងអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ រួមនឹងវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៏ឯក ញឹម នី មេបញ្ជាការរង បានឲ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើង គឺដោយបានការសម្របសម្រួលពី លោក បុ៊ង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការនោះ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យ៦នាក់៖

១/មឿន ដារ៉ា ហៅញ៉ាញ់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដកពោធិ៍ ឃុំសួរក្រាម ស្រុកសៀមរាប ខេត្តសៀមរាប
២/អ៊ុន លីហ្សា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវាល ឃុំវាល ស្រុកកណ្តៀង
៣/យឹម មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសង្កាត់ខាងលើ(ប្តី)
៤/ជាង ដាលី ហៅយាយប៊ី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ខោអាវ រស់នៅភូមិសង្កាត់ខាងលើ(ប្រពន្ធ)
៥/ម៉ៅ ម៉ូនីតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់
៦/នាង ស្រីឡា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្សរស់នៅភូមិពាលញ៉ែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ចំពោះវត្ថុតាង ឆែកឆេរចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់(តូច)
-ជញ្ចីងថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង
-ទូរស័ព្ទ ចំនួន៥គ្រឿង
-ដុំសាកទូរស័ព្ទ ចំនួន៥ដុំ
-ដាវសាំម៉ូរ៉ៃ ចំនួន១
-ម៉ូតូ ចំនួន១គ្រឿង ម៉ាកឃ្លីក ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1L-3270
-ថង់ផ្លាស្ទិច និងឧបករសំរាប់ជក់គ្រឿងញៀន១កំប្លេរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញនីតិវិធីចាត់ការតាមច្បាប់៕