(ត្បូងឃ្មុំ)៖ ដោយទទួលបានសំណូមពរពីបងប្អូនប្រជាកសិករចំនួន០៤ភូមិ ក្នុងឃុំអញ្ចើម ខ្វះប្រភពទឹកស្តុកទឹកប្រើប្រាស់ ស្រោចស្រពស្រែចំការ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ស្រះទឹកដែលមានបណ្តាយ១០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ ជំរៅ៣ម៉ែត្រ អាចស្រោចស្រពលើផ្ទៃដីដាំដុះ៣០០ហិកតា ចំណាយថវិការអស់ប្រមាណ៤ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានជីកស្តារឡើងវិញ ស្ថិតក្នុងភូមិព្រែកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីបើកការដ្ឋានជីកស្តារស្រះទឹកឡើងវិញនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនាមតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមដំណើរជាមួយដោយលោក កេង ប៊ុនណា អភិបាលរងខេត្ត, លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សេង សុខខឿន អភិបាលស្រុក-អភិបាលរងស្រុក អនុប្រធានមន្ទីរព័ត៌មានខេត្ត ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលទទួលផលសរុបប្រមាណ១០០នាក់។

លោក ហាក់ សុខមករា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រមុខនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូនដោយក្តីនឹករលឹកបំផុត។

អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះបងប្អូន និងអាជ្ញាធរឃុំ-ស្រុក ដែលបានយកដីស្រះនេះ ដែលអតីតជាត្រពាំង ចុះបញ្ជីកម្មសិទ្ធជាទ្រព្យសម្បត្តិរួម ធានាដោយច្បាប់ការពារដោយរដ្ឋ ដោយមិនអាចឲ្យជន ខិលខូចលួចរំលោភបំពានយកបាននោះឡើយ ក៏ដូចជាចូលរួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីពិនិត្យមើលដំណើរការជីកស្តារឡើងវិញផងដែរ។

ក្រោយទទួលបានស្រះទឹកថ្មីនេះ ក្នុងនាមតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, លោក ហាក់ សុមករា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ស្រោចស្រពស្រែចំការ ឲ្យបានទិន្នផលខ្ពស់ និងលក់ចេញបានថ្លៃ ជួយសម្រួលកម្រិតជីវភាព ពិសេសរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ នៅរួមសុខរួមទុក្ខជាមួយបងប្អូន នាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ក៏ដូចជាថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន កសាងសមិទ្ធផលជាប្រយោជន៍ដល់ប្រជាកសិករថ្មីៗបន្ថែមទៀត និងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឥតឈប់ឈរជាបន្ត៕