(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង៣០០នាក់ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ខែកុម្ភៈ» ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានទទួលសាច់ជ្រូក និងអង្ករពីដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអ្នកដឹកនាំចែកអំណោយនេះដោយផ្ទាល់។

ការប្រគល់អំណោយនេះ មិនបានប្រគល់ដោយផ្ទាល់ដៃនោះទេ គឺក្រុមការងារបានដាក់សាច់ជ្រូក និងអង្ករជាកញ្ចប់ ហើយទើបបានអញ្ជើញប្រជាពលរដ្ឋទាំង៣០០នាក់នោះ មកទទួលម្នាក់ម្តងៗ ដើម្បីបង្ការកុំឲ្យមានការឆ្លងរីករាលដាលបន្ដទៀត។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា អំណោយទាំងនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ១០គីឡូក្រាម និងសាច់ជ្រូកចំនួន២គីឡូក្រាម។ លោកអះអាងថា សម្ដេចទាំងទ្វេរបានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋ ដូច្នេះសូមប្រជាពលរដ្ឋកុំព្រួយបារម្ភ សម្តេចមិនទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។

មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា រដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាល និងធ្វើចត្តាឡីស័កមួយ មានអ្នកជំងឺស្នាក់នៅព្យាបាល ចំនួន៥៤នាក់ (គិតត្រឹមថ្ងៃទី០២ ខែមីនា) និងមានទីតាំងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ចំនួន០៥ទីតាំង ស្មើនឹង៤៧០នាក់ ក្នុងនោះ បរទេស៣៤នាក់។

ដោយឡែកចំពោះប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅសង្កាត់ស្ទឹងមានជ័យទី១ មានចំនួន៣៣១នាក់ ស្មើនឹង១៣១គ្រួសារ។ ពួកគាត់ជាអ្នកបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងចំនួនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កទាំងនេះ មានប្រជាពលរដ្ឋ៩២នាក់ បានធ្វើយកសំណាកទៅពិនិត្យចំនួន០២លើករួចមកហើយ គឺនៅថ្ងៃទី២៦ ដោយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ និងនៅថ្ងៃទី២៧ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ៕