(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកចុងសប្តាហ៍ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈនេះ បានបញ្ជាឲ្យក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថិកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការរឹតបន្តឹង​ឲ្យបានកាន់តែខ្លាំង ដើម្បីឲ្យមានការគោរពច្បាប់ ដែលអាចធានាបាននូវសុត្ថិភាពខ្ពស់ ដល់ពលរដ្ឋធ្វើដំណើរទូទៅ និងថែរក្សាគុណភាពស្ពានថ្នល់ ឲ្យបានប្រើប្រាស់បានយូរអង្វែងផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់ក្រុមមន្ត្រីជញ្ជីងតាមផ្លូវ ត្រូវបើកភ្នែកមើលឲ្យ​ឃើញនូវអ្វីដែលកំពុង​បំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ ព្រោះត្រូវមាន​ទោសដូចគ្នា ជាមួយនឹង​សមត្ថកិច្ច អជ្ញាធរ ដែលបណ្តែងបណ្តោយឲ្យ មានបញ្ហាកើតឡើង។​

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖
ក្នុងប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញមានគ្រោះថ្នាក់ ដែលបង្កឡើង​ដោយរថយន្តតូចធំ រួមទាំងរថយន្តសណ្តោងខ្នាត ដឹកទំនិញយក្សលើសកំណត់ ដូចជាករណីជាក់ស្តែង រថយន្តសណ្តោងដឹក​ទំនិញឆ្លង​ស្ពានអ្នកលឿង ដែលបានបណ្តាល​ឲ្យខូចខាត ដោយអន្លើកាលពីពេលថ្មីៗនេះ។ ទម្ងន់បែបនេះអាចនឹងកំទេចស្ពាន បើបណ្តោយឲ្យឆ្លងកាត់រាល់ថ្ងៃ។ អាជ្ញាធរ និងសមត្ថកិច្ចប្រាកដ​ជាបាន​ឃើញពេល​រថយន្តខ្នាតយក្ស​ដឹកសណ្តោង លើសកំណត់​តោន ជាពិសេសសមត្ថកិច្ច ដែលយាមនៅគល់ស្ពាន។ តើហេតុអីបាន​ជាមើលមិនឃើញ? ទន្ទឹមនិងនេះដែរ កាលពីម្សិលមិញ ក៏មានរថយន្ត​ដឹកដីខ្នាតធំ បើកបរបុកម៉ូតូយុវសិស្សបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតទៀតផង។

ទម្លាប់ជនល្មើសទាំងអស់នេះ ក្រៅអំពីការមិនគោរពច្បាប់ ក្រោយពីបង្កគ្រោះថ្នាក់ហើយ គឺរត់គេចខ្លួន។ ទម្លាប់អាក្រក់គ្មានការទទួលខុសត្រូវ ទាំងអ្នកបើកបរ ទាំងក្រុមហ៊ុន គឺមិនអាច​ឲ្យរួចខ្លួន​តទៅទៀត​បានឡើយ។ ក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់​ព័ន្ឋទាំងអស់ ត្រូវចាត់វិធានការតឹងរឹងហ្មឺងហ្មាត់បំផុត ដើម្បីឲ្យមានការគោរពច្បាប់គ្រប់ៗគ្នា ដែលធានាបាន​នូវសុវត្ថិភាពខ្ពស់ ដល់ពលរដ្ឋអ្នក​ធ្វើដំណើរទូទៅ និងធានាបាននូវការថែ​រក្សាគុណភាព​ស្ពានថ្នល់ ប្រើប្រាស់បានគង់វង្ស​យូរអង្វែង៕