(ភ្នំពេញ)៖ រយៈពេល ២៦ថ្ងៃ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលចរាចរណ៍ផាកពិន័យបានជិត ៩០លានរៀល (៨៧,៦២០,០០០រៀល) ពីអ្នកបើកបរល្មើសច្បាប់។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ដដែលបានបង្ហាញឲ្យដឹងថា ២៥ រាជធានី-ខេត្ត​ ដែលមានបទល្មើស និងផាកពិន័យច្រើនជាងគេរួមមាន៖ ខេត្តសៀមរាប មានយានយន្តល្មើស និងផាកពិន័យច្រើនជាងគេ រហូតដល់ ១,៦១៧យានយន្ត, រាជធានីភ្នំពេញ ៨៨៥យានយន្ត, ខេត្តកំពង់ចាម ៧៥៥យានយន្ត, ខេត្តកណ្តាល ៥៩០យានយន្ត និងស្វាយរៀង ៥៣៣យានយន្ត។

យោងតាមរបាយការណ៍លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា មធ្យោបាយចូលគោលដៅបានចំនួន ៤២,៤០០គ្រឿង និង ម​ធ្យោ​បាយល្មើស មានចំនួន ៧,៥២៥គ្រឿង ក្នុងនោះមានអប់រំបានចំនួន ៣,៣៩៩គ្រឿង និងពិន័យបាន ៤,១២៦ គ្រឿង៕