(ភ្នំពេញ)៖ លោក ប៉ុល និលឯក នាយរងការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានចុះទៅបង្ក្រាប ករណីចែកចាយគ្រឿងញៀនមួយករណី ស្ថិតនៅតាមផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ និងថ្នាំចំនួន១២កញ្ចប់។

លោកបានបញ្ជាក់ថា ក្រៅពីការចាប់ខ្លួន​ជនសង្ស័យ និងថ្នាំញៀនោះ កម្លាំងរបស់លោក ក៏បានដកហូតដាវសាំម៉ូរ៉ៃ និងឧបករណ៍សម្រាប់ជក់ផងដែរ។ ក្រោមការបញ្ជាពីលោកស្នងការ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង សៀង សុខ ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនទៅសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិ​វិធី​ច្បាប់៕