(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ មិនដែលចង់រាំងស្ទះ ក្នុងការចុះបញ្ជីតាមអនឡាញឡើយ មានតែចង់ឲ្យមានភាពងាយស្រួល, ត្រឹមត្រូវជាក់លាក់, សុក្រឹត និងច្បាស់លាស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធីពិសេស ស្តីពី ការដាក់ឲ្យប្រើប្រាស់ នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានការ Live តាម Page របស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ការលើកឡើងនេះ ក្រោយពីមានការលើកឡើងថា ការចុះបញ្ជី និងជាសញ្ញាណ នៃការគំរាមកំហែង ដល់ការកែទម្រង់ការចុះបញ្ជីពន្ធដារ ដោយតម្រូវឲ្យថតរូប ស្គែនម្រាមដៃ បើពុំដូច្នោះទេ នឹងទទួលទោសទណ្ឌពិន័យ ជាប្រាក់៥០០ដុល្លារ និងដកហូតវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ពន្ធដារជាអ្នកផ្ដួចផ្ដើម និងគាំទ្រ ការចុះបញ្ជីលើថ្នាលតែមួយនេះ (អនឡាញ) ដូច្នេះ ពិតជាគ្មានហេតុផលទាល់តែសោះ ដែលអគ្គនាយកដ្ឋានពន្ធដារទៅរាំងស្ទះការចុះបញ្ជីនេះ [...] អគ្គនាយកដ្ឋានពន្ធដារ ចង់ឲ្យការចុះបញ្ជីងាយស្រួល, ត្រឹមត្រូវជាក់លាក់, សុក្រឹត និងច្បាស់លាស់»

លោក គង់ វិបុល បានថ្លែងថា «ការចុះធ្វើសវនកម្ម ឬការត្រួតពិនិត្យនៃការចុះបញ្ជីរបស់ពន្ធដារ គឺមិនមែនជាការរាំងស្ទះឡើយ គ្រាន់តែពន្ធដារ ចង់បញ្ជាក់ឯកសារបន្ថែម ហើយប្រសិនបើម្ចាស់ក្រុមហ៊ុន មានច្បាប់ត្រឹមត្រូវ មិនប្រព្រឹត្តិខុសច្បាប់មិនគួរខ្លាច ក្នុងការសុំអត្តសញ្ញាណ ឬលិខិតពាក់ព័ន្ធមួយចំនួន»

ជាមួយគ្នានេះ លោក គង់ វិបុល ក៏បានឲ្យដឹងផងដែរថា ការចុះបញ្ជីតាមអនឡាញ ដែលមានតែមួយច្រកនេះ ជាគំនិតផ្ដួចផ្ដើមរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានស្នើសុំមុនគេ លើការចុះបញ្ជីថ្នាលតែមួយនេះ ដែលការផ្ដួចផ្ដើមនេះធ្វើឡើងក្នុងឆ្នាំ២០១៨។

អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមការចុះបញ្ជីនេះ ធ្វើឡើងបន្ទាប់ពីឃើញ ប្រទេសមួយចំនួន ត្អូញត្អែកពីការលំបាក នៃការចុះបញ្ជីច្រើនច្រក។

លោកថា «គ្មានអ្នកណា ចង់បានការចុះបញ្ជីជាងអគ្គនាយកដ្ឋាពន្ធដារនោះទេ ព្រោះការចុះបញ្ជីកាន់តែច្រើន អ្នកបង់ពន្ធកាន់តែច្រើន ដូច្នេះគ្មានហេតុផលអ្វី ដែលត្រូវរាំងស្ទះការចុះបញ្ជីនោះទេ»

លោក គង់ វិបុល បានបន្ថែមទៀតថា ការចុះបញ្ជីនេះ គឺធ្វើឡើងដើម្បីការពារដល់អ្នកបង់ពន្ធត្រឹមត្រូវ ព្រោះបើមិនធ្វើបែបនេះទេ ធ្វើឲ្យអ្នកបង់ពន្ធ មិនត្រឹមត្រូវបន្ដមាន ហើយនេះជាការមិនមានសមធម៌ សម្រាប់អ្នកបង់ពន្ធត្រឹមត្រូវក្នុងសង្គម៕