(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា ក្នុងការផ្ដល់នូវកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ជាសមិទ្ធផល ដ៏ថ្លៃថ្លាថ្មីមួយទៀត នៃការងារការទូតសេដ្ឋកិច្ចដែលស្ថានទូតកម្ពុជាសម្រេចបាន។ នេះបើតាមការចែករំលែកផ្ទាល់ពីសំណាក់លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈការចែករំលែករបស់លោកឯកអគ្គរាជទូត អនុស្សារណៈ នៃការយោគយល់គ្នារវាងភាគីទាំងពីរនេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា កិច្ចគាំពារផ្សេងៗដល់ពលរដ្ឋខ្មែរនៅកូរ៉េ និងការផ្ដល់ឱកាសដល់និស្សិតខ្មែរយើងបានបំពេញកម្មសិក្សានៅក្នុងធនាគារ DGB។

ឯកសារអនុស្សរណៈនេះ នឹងក្លាយជាឯកសារតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងគោលបំណងបង្កើនចំណងមិត្តភាព និងផ្តល់ជាផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ អនុស្សរណៈនេះផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា៖

*កិច្ចសហការរវាងភាគីទាំងពីរក្នុងការអនុវត្តកម្មវិធីសង្គមនានា ដែលមានអត្ថប្រយោជន៍ចំពោះជនជាតិខ្មែរដែលរស់នៅកូរ៉េ និងនៅកម្ពុជា
*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group ផ្តល់ឱកាសគាំទ្រដល់សិស្ស-និស្សិតកម្ពុជា អាចចូលរួមក្នុងកម្មវិធីចុះកម្មសិក្សានានានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាផ្តល់ជូនវគ្គសិក្សា ការបំពាក់បំប៉នជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ សម្រាប់សិស្ស និស្សិតកម្ពុជាផងដែរ
*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នឹងផ្តល់នូវអត្រាការប្រាក់ទាបពិសេសសម្រាប់ពលករខ្មែរយើង ដែលមានបំណងចង់ទទួលប្រាក់កម្ចីពីធនាគារ
*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នឹងជួយឧបត្ថម្ភដល់ស្ថានទូតកម្ពុជា ក្នុងករណីដែលស្ថានទូតកម្ពុជារៀបចំព្រឹត្តិការណ៍សំខាន់ៗណាមួយ
*ស្ថានទូតកម្ពុជា នឹងសម្របសម្រួល និងផ្តល់ការប្រឹក្សាយោបល់ចាំបាច់នានាជូនដល់សម្ព័ន្ធហិរញ្ញវត្ថុ DGB ពាក់ព័ន្ធនឹងបរិយាកាសធុរកិច្ច សង្គម សេដ្ឋកិច្ច នៅក្នុងកម្ពុជា ដើម្បីអាចជួយគាំទ្រដល់ការធ្វើធុរកិច្ច ក៏ដូចជាគម្រោងសំខាន់ៗនានារបស់សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នៅក្នុងប្រទេសកម្ពុជា។

សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នេះជាសម្ព័ន្ធដែលគ្រប់គ្រងទៅលើក្រុមហ៊ុន និងធនាគារបុត្រសម្ព័ន្ធដទៃទៀតចំនួន៨ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីផងដែរ។

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ក៏បានចុះអនុស្សរណៈនៃការយោគយល់មួយផ្សេងទៀតជាមួយនឹងមន្ទីរពេទ្យដ៏ល្បីមួយឈ្មោះរបស់ប្រទេសកូរ៉េ ដែលក្នុងនោះបានពាំនាំយកមកនូវអត្ថប្រយោជន៍ ជាច្រើន ក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕