(កណ្ដាល)៖ មន្ដ្រីពន្ធនាគារនៅខេត្តកណ្ដាលម្នាក់ ឈ្មោះ តុង ដារ៉ា ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាប់ខ្លួន ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ ដែលអះអាងថា បុគ្គលរូបនេះបានបោកប្រាស់គេ ដើម្បីរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលបានឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយត្រូវតំណាងអយ្យការអមសាលាដំបូងសម្រេចចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីបន្ដនីតិវិធី។

លោក ទិន សុចិត្រា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ពេជ្រ ម៉ារ៉ែន ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ តុង ដារ៉ា ជាមន្ដ្រីពន្ធនាគារ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នរួចផងដែរ។

គួរជម្រាបថា លោក តុង ដារ៉ា ជាមន្ត្រីពន្ធនាគារខេត្តកណ្ដាល ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះម្នាក់ ពីបទឆបោក ក្រោយទទួលប្រាក់របស់គេ ដើម្បីរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ ប៉ុន្តែលោក តុង ដារ៉ា មិនបានធ្វើតាមការចង់បានរបស់គេឡើយ ហើយលុយក៏មិនព្រមសងគេវិញទៀត។

លោក តុង ដារ៉ា ត្រូវបានគេស្គាល់ថា ជាមន្ត្រីពន្ធនាគារ ដែលល្បីខាងផ្នែករត់ការដោះលែងមនុស្សចេញពីពន្ធនាគារ មិនថារឿងតូច ឬរឿងធំ ឬរឿងកម្រិតណាក៏ដោយ ក៏លោក តុង ដារ៉ា ធ្វើការឃុបឃិតជាមួយមនុស្សពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដើម្បីសូកលុយកាក់ ក្នុងការរត់ការដោះលែងមនុស្ស ចេញពីពន្ធនាគារ ដែលសកម្មភាពនេះ ត្រូវបានអ្នកដឹងរឿងច្បាស់បានប្រាប់ថា គេធ្វើឡើងយូរមកហើយគ្រាន់តែភ្លាត់ស្នៀតម្ដងតែប៉ុណ្ណោះ៕