(កំពង់ចាម)៖ លោក តូច ឧត្តម ព្រះរាជអាជ្ញារង និងជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំគណៈកម្មការចម្រុះ ចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល យកដីប្រគល់ឱ្យភាគីម្ចាស់បំណុល ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ។

ព្រះរាជអាជ្ញារង និងជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃនេះថា ដោយផ្អែកតាមខ្លឹមសារសេចក្តីសម្រេច នៃសាលដីកាស្ថាពររដ្ឋប្បវេណីលេខ ៨៤ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៨ របស់តុលាការកំពូលត្រង់ចំណុចទី២ ដែលមានខ្លឹមសារបញ្ជាក់ថា «ប្រគល់សិទ្ធិគ្រប់គ្រង់ដីកើតហេតុនៅចំណុចភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ឱ្យទៅឈ្មោះ និន តុន ជាដើមចោទ។ ហើយសាល ដីកានេះបានចូលជាស្ថាពររួចហើយ ដោយមានលិខិតបញ្ជាក់ការចូលជាស្ថាពរលេខ៣៨៨/២០ តកក.សរណ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ និងមានរូបមន្តអនុវត្តនៃសាលដីកាលេខ ២៨៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ របស់តុលាការកំពូលផងដែរ»

លោកព្រះរាជអាជ្ញារង និងជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា បានដឹកនាំគណៈកម្មការចម្រុះ និងបានឱ្យក្រឡាបញ្ជី អាននូវសាលដីកាលេខ ៨៤ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៨ របស់តុលាការកំពូលទាំងស្រុង ឱ្យភាគីម្ចាស់បំណុលនៃការអនុវត្ត និងកូនបំណុលនៃការអនុវត្ត ព្រមទាំងគណៈកម្មការចម្រុះដែលចូលរួមស្តាប់នូវខ្លឹមសារនៃលិខិតអនុវត្តនេះ។

ទន្ទឺមនឹងការអនុវត្តដោយបង្ខំ ការប្រកាន់គោលជំហរសម្របសម្រួល និងសម្បទាននៅតែប្រកាន់យក ដើម្បីបញ្ជៀសនូវការអនុវត្តដោយបង្ខំ ហើយជាលទ្ធផល ភាគីប្រពន្ធរបស់កូនបំណុលនៃការអនុវត្តបានឯកភាពយល់ព្រម ចំពោះការអនុវត្តដោយទទួលយក ដីខាងមុខទទឹងទំហំ២៤ម៉ែត្រ, ខាងក្រោយទំហំ ២៧ ម៉ែត្រ និងមានបណ្តោយខាងជើងទំហំ ៤២ម៉ែត្រ, ទំហំខាងត្បូង ៥០ម៉ែត្រ ដោយរក្សាផ្ទះគ្មានការរុះរើ។

គណៈកម្មការចម្រុះក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារង តាមការចង្អុលបង្ហាញរបស់អភិបាលគណៈបញ្ជាការឯកភាពខេត្ត និងព្រះរាជអាជ្ញា បានឱ្យគូភាគី (ម្ចាស់បំណុល និងកូនបំណុលនៃការអនុវត្ត) ដាំបង្គោលរបងកំណត់ព្រំដី និងធ្វើការប្រគល់ដីឱ្យភាគីកូនបំណុលនៃការអនុវត្ត និងម្ចាស់បំណុលនៃការអនុវត្ត។

ជាចុងបញ្ចប់គណៈកម្មការចម្រុះ ដែលដឹកនាំដោយលោក តូច ឧត្តម បានសម្រេចប្រគល់ដីនៃទីតាំងអនុវត្ត ឱ្យទៅភាគីម្ចាស់បំណុលនៃការអនុវត្តឈ្មោះ និន ចិន្ត្រា ជាកូនរបស់ឈ្មោះ និន តុន និងឱ្យទៅកូនបំណុលឈ្មោះ មុត អ៊ីម និងប្រពន្ធឈ្មោះ ផេង ចាន់ភ័ន្ត ចំពោះផ្នែក នៃដីដែលប្រពន្ធរបស់កូនបំណុលនៃការអនុវត្តព្រមព្រៀង និងមានការសម្បទានពីម្ចាស់បំណុលនៃការអនុវត្ត។

គួររំលឹកផងដែរថា ដីទំនាស់ខាងលើមានទំហំ ១,១៥ ហិកតា ជារឿងរដ្ឋប្បវេណីចាប់តាំងពីឆ្នាំ ១៩៩៤ ដែលតុលាការជាន់ទាប រហូតដល់តុលាការកំពូលបានសម្រេចឱ្យម្ចាស់បំណុលឈ្មោះ និន តុន អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ឈ្នះលើភាគីកូនបំណុលឈ្មោះ មុត អ៉ីម អាយុ ៤០ឆ្នាំ រស់នៅភូមិជាមួយគ្នា និងមានលិខិតបញ្ជាក់ការចូលជាស្ថាពរ លេខ៣៨៨/២០ តកក.សរណ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នឹងមានរូបមន្តអនុវត្តនៃសាលដីកាលេខ ២៨៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ របស់តុលាការកំពូល ឲ្យអនុវត្តប្រគល់សិទ្ធិគ្រប់គ្រងដីនៅចំណុចកើតហេតុ ឲ្យទៅម្ចាស់បំណុលឈ្មោះ និន តុន ជាដើមចោទ៕