(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានផ្ដល់ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំណាយថវិការដ្ឋ ចំនួន៩២២,៣១៥,៨៤៤,០០០រៀល (ប្រាំបួនរយម្ភៃពីរប៊ីលាន បីរយដប់ប្រាំលាន ប្រាំបីរយសែសិបបួនពាន់រៀល) ស្មើនឹង២៣០.៥៨លានដុល្លារអាមេរិក។

របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ (ទាំងក្រ១ និងក្រ២) ដែលទទួលបានការឧបត្ថម្ភ មាន៦៨៨,៥៣៩គ្រួសារ ។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្ដើមដំណើរការអនុវត្តកម្មវិធី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន៤ជុំ មាន៨លើករួចមកហើយ៕