(ភ្នំពេញ)៖ កម្ពុជា-ហ្វីលីពីនបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយគ្នា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌអាស៊ាន។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការរងារ។

ភាគីទាំងពីរបានពិភាក្សាគ្នានូវអ្វីដែលជាក្របខណ្ឌរបស់ប្រទេសទាំងពីរ ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អកន្លងមក ជាពិសេសក្នុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ដែលកម្ពុជា និងហ្វីលីពីនបានចុះអនុស្សរណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យការងារ ដែលតាមរយៈនេះប្រទេសទាំងពីរមានការងារជាច្រើនត្រូវធ្វើការជាមួយគ្នា ហើយក៏មានសេចក្តីថ្លែងការណ៍រួមមួយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលផ្តោតទៅលើការជួយគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការជួយដោះស្រាយ និងផ្តល់កិច្ចគាំពារទៅលើបញ្ហាពលរដ្ឋ ក៏ដូចជាពលករទេសន្តរប្រវេសន៍ការងារ ដោយសារតែហ្វីលីពីនមានស្ថានទូតជាច្រើនទូទាំងពិភពលោក និងការិយាល័យអនុព័ន្ធការងារ ក៏ដូចជាការិយាល័យខាងផ្នែកផ្តល់កិច្ចគាំពារទៅដល់ពលករទេសន្តប្រវេសន៍នៅស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក។

តាមរយៈកិច្ចព្រមព្រៀង ឬក៏សេចក្តីថ្លែងការណ៍រួមនេះ ភាគីទាំងពីរបានឯកភាពគ្នាជួយគ្នានៅពេលដែលពលរដ្ឋរបស់ហ្វីលីពីន ឬពលរដ្ឋកម្ពុជា ដែលមានបញ្ហាក្នុងបណ្តាប្រទេសផ្សេងៗដែលពុំមានស្ថានទូត និងមិនមានអនុព័ន្ធការងារសម្រាប់ជួយផ្តល់នូវការគាំពារទៅដល់ពួកគាត់ណាមួយ ពលរដ្ឋកម្ពុជាអាចស្វែងរកនូវជំនួយពីស្ថានទូតហ្វីលីពីននៅប្រទេសនោះ ដែលកន្លងមកបានធ្វើការជាមួយគ្នាបានយ៉ាងល្អលើកិច្ចសហប្រតិបត្តិការនេះ។

លោកស្រីអគ្គរដ្ឋទូតបានថ្លែងថា ពលរដ្ឋហ្វីលីពីដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជិត ៥,០០០នាក់ ដែលពួកគេទទួលបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ដូចកម្មករនិយោជិតកម្ពុជាដែរ ជាពិសេសបានទទួលអត្ថប្រយោជន៍ពីសមាជិកភាពរបស់បេឡាជាតិសន្តិសុខសង្គម។

កន្លងទៅថ្មីៗនេះ ពលរដ្ឋហ្វីលីពីនប្រមាណ ៨០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ ១៩។

បន្ថែពីនេះ ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការមួយទៀតទៅលើវិស័យសន្តិសុខសង្គម តាមរយៈអនុស្សរណៈយោគយល់គ្នាមួយរវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអង្គការធានារ៉ាប់រងសុខភាពរបស់ហ្វីលីពីន (Philhealth) ដែលជាក្របខណ្ឌកិច្ចប្រតិបត្តិការក្នុងការសហការគ្នាចែករំលែកនូវបទពិសោធន៍ ជាពិសេសទៅលើផ្នែកបច្ចេកទេសប្រតិបត្តិការ និងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុក្នុងផ្តល់នូវកិច្ចគាំពារដល់កម្មករនិយោជិត។

ភាគីទាំងពីរនឹងបន្តពិនិត្យលើការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ចំពោះកិច្ចសហប្រតិការដែលមានស្រាប់ ហើយដែលអនុស្សរណៈយោគយល់គ្នាផុតសុពលភាព និងរៀបចំបន្តសុពលភាព។

ដោយមើលឃើញនូវសារសំខាន់នៃការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ភាគីទាំងពីរកំពុងខិតខំបញ្ចប់នូវសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) ឱ្យបានឆាប់ បើទោះជាបញ្ហាកូវីដ១៩ គំរាមកំហែងក៏ដោយ ក៏ភាគីទាំងពីរនឹងជំរុញការងារនេះឱ្យក្រុមការងារបច្ចេកទេសធ្វើការជាមួយគ្នាបន្តទៀត តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យការចុះអនុស្សរណៈនេះបានឆាប់ ពីព្រោះការងារនេះគឺមានសារៈសំខាន់ផងដែរក្នុងការផ្តល់នូវចំណេះជំនាញ ការចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗពាក់ព័ន្ធជាមួយនឹងការគាំពារ ការផ្តល់នូវជំនាញវិជ្ជាជីវៈ ជាពិសេសពលករទេសន្តប្រវេសន៍ ដែលពួកគាត់ត្រូវសមារណកម្មចូលមកក្នុងប្រទេសវិញ ត្រូវចាប់យកជំនាញថ្មី ឆ្លើយតបទៅនឹងឱកាសការងារក្នុងស្រុក។

ដោយសារតែហ្វីលីពីនជាប្រទេសមួយដែលមានបទពិសោធន៍ខ្ពស់ ហើយមានពលរដ្ឋហ្វីលីពីនធ្វើការនៅក្រៅប្រទេសជាច្រើនដែលអាចចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនក្នុងការផ្តល់នូវការគាំពារទៅដល់ពលករទេសន្តប្រវេសន៍៕