(កំពង់ឆ្នាំង)៖ ស្រ្តីឈ្មោះ ឈន់ មុំ រស់នៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម មានរឿងមួយករណីទៀតហើយ ពាក់ព័ន្ធរឿងដីធ្លីនេះដែរ ដោយមានជនរងគ្រោះ ៤នាក់ បានប្តឹងចោទប្រកាន់ថា ពួកគាត់បានទិញដីមួយកន្លែងទំហំ ៤ហិកតា នៅក្នុងភូមិជ្រេស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយពួកគាត់បានប្រគល់ប្រាក់សរុបមានចំនួន ៦៧,០០០ដុល្លាររួចហើយ។ ប៉ុន្តែក្រោយពីទទួលបានលុយ ខាងលើនេះរយៈពេលជិត២ឆ្នាំហើយឈ្មោះ ឈន់ មុំ មិនបានធ្វើប្លង់រឹងឲ្យពួកគាត់តាមការសន្យាឡើយ គឺបានគេចវេសភូតភររហូតមក ទើបពួកគាត់ប្តឹងទៅតុលាការឲ្យជួយផ្តល់យុត្តិធម៌។

ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងទៅតុលាការមានចំនួន ៤នាក់នេះរួមមាន៖ ទី១៖ លោកស្រី កែវ ចាន់គ្រឹស្នា រស់នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ទី២៖ លោក តុង ស៊ីណាក់ រស់នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ទី៣៖ លោក សម្បត្តិ វឌ្ឍនា រស់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌចំការមន ក្រុងភ្នំពេញ និងទី៤៖ លោកស្រី សំរិត ប៊ុននាង រស់នៅភូមិវាលមាស ឃុំវាលវេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមពាក្យបណ្ដឹង និងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមអ្នកសារព័ត៌មាន លោកស្រី តុង ស៊ីណាក់ បាននិយាយឲ្យដឹងថា ខ្ញុំស្រលាញ់អាមុំដូចកូនបង្កើតអញ្ចឹងដោយមានទំនុកចិត្តខ្ញុំបានប្រគល់លុយចំនួន ២៦,៥០០ ដុល្លារទាំងលុយកូនស្រីឈ្មោះ កែវ ចន្ទគ្រឹស្នា ផង ដោយបានទិញដីពីឈ្មោះ ឈន់ មុំ ចំនួន២ហិកតាជាមួយកូនស្រីខ្ញុំ ដីនោះស្ថិតនៅក្នុងភូមិជ្រេស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបានប្រគល់ប្រាក់ ឲ្យទៅឈ្មោះឈុនមុំកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែខ្ញុំមិនបានធ្វើលិខិតស្នាមអ្វីឡើយ ព្រោះតែមានការទុកចិត្តថា ជាកូនធម៌ តាំងពីថ្ងៃនោះ មកដល់ពេលនេះមានរយៈពេលជិត២ឆ្នាំហើយ ឈ្មោះ ឈន់ មុំ មិនបានធ្វើប្លង់រឹងតាមការសន្យាឱ្យខ្ញុំឡើយ គឺភូតភរខ្ញុំជាម្តាយធម៌រហូតមកដល់ថ្ងៃនេះ។

ចំណែកលោកស្រី សំរិត ប៊ុននាង បានឲ្យដឹងដែរថា ខ្ញុំបានស្គាល់ ឈន់ មុំ តាមរយៈលោកស្រី កែវ ចាន់គ្រឹស្នា ដោយលោកស្រីបានលក់ឡានមួយគ្រឿង បានលុយភ្លាមយកលុយទៅប្រគល់ឲ្យឈ្មោះ ឈន់ មុំ នៅធនាគារ ABA ភ្លាមដែរ បើសរុបទាំងមុនទាំងក្រោយបានប្រគល់លុយទៅឲ្យឈ្មោះ ឈុន មុំ ចំនួន៣លើកសរុបចំនួន ២៦,៥០០ដុល្លារ គឺទិញដីទំហំ១,៥០ហិកតា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយ ឈ្មោះ ឈន់ មុំ បានសន្យាថា នឹងធ្វើប្លង់ដីឱ្យលោកស្រី។ ប៉ុន្តែក្រោយមកនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ ឈន់ មុំ បានហៅពួកនាង ខ្ញុំ៣នាក់ជាអ្នកទិញដីទៅការិយាល័យ ភូមិបាលស្រុកសាមគ្គីមានជ័យ ដោយប្រាប់ថា ទៅផ្ដិតមេដៃលើឯកសារព្រំដី ដើម្បីធ្វើប្លង់រឹង តែឯកសារនោះ គេឱ្យនាងខ្ញុំផ្តិតមេដៃលើគម្រោងឯកសារដែលមិនទាន់សរសេរបំពេញរួច។ ហើយមកដល់ពេលនេះមានរយៈពេលមួយឆ្នាំកន្លះហើយ ដោយឈ្មោះ ឈន់ មុំ មិនបានធ្វើប្លង់រឹងឲ្យខ្ញុំនោះទេ។

យោងតាមពាក្យបណ្ដឹងលោក សម្បត្តិ វឌ្ឍនា បានបញ្ជាក់ ឲ្យដឹងថា លោកបានទិញដីពីឈ្មោះ ឈន់ មុំ កន្លះហិកតា មានតម្លៃ ១៤,០០០ដុល្លារ ដោយឈ្មោះ ឈន់ មុំ បានស ន្យាថា នឹងធ្វើប្លង់រឹងឱ្យ។ ប៉ុន្តែក្រោយពីបានប្រគល់ប្រាក់គ្រប់ចំនួនទៅឲ្យឈ្មោះ ឈុន មុំ រួចហើយគឺឈ្មោះ ឈុន មុំ មិនបានធ្វើប្លង់រឹងតាមការសន្យាឱ្យលោកឡើយ។

ចំណែកលោកស្រី កែវ ចាន់គ្រីស្នា វិញ បានបញ្ជាក់ថា លោកស្រី និងម្ដាយលោកស្រី បានទិញដីពីឈ្មោះ ឈន់ មុំ ចំនួន២ហិកតា ដោយបានប្រគល់លុយចំនួន៥លើកសរុបមានទឹកប្រាក់ចំនួន២៦,៥០០ដុល្លារ ដែលគិតមកដល់ ពេលនេះមានរយៈពេលជិត២ឆ្នាំហើយ គឺឈ្មោះ ឈន់ មុំមិនបានធ្វើប្លង់រឹងតាមការសន្យាឡើយ បើគិតមកដល់ ពេលនេះមានរយៈពេលជិតពីរឆ្នាំមកហើយ។

លោកស្រី កែវ ចាន់គ្រឹស្នា បានបញ្ជាក់ទៀតថា ទាំងខ្ញុំម្ដាយខ្ញុំ និងមិត្តភក្កិ២នាក់ទៀត បាននាំគ្នាទិញដីផ្សេងៗគ្នា ពីឈ្មោះ ឈន់ មុំ សរុបចំនួន៤ហិកតា ដោយបានប្រ គល់ប្រាក់ទាំងអស់គ្នា សរុបមានចំនួន៦៧,០០០ដុល្លារ ប៉ុន្តែមកដល់ពេលនេះឈ្មោះ ឈន់ មុំ មិនបានគោរពការសន្យាធ្វើប្លង់រឹងឲ្យពួកខ្ញុំនោះឡើយ ទើបពួកគាត់នាំគ្នាប្ដឹង ទៅតុលាការសុំឲ្យជួយផ្ដល់យុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះ ម្យ៉ាងម្តាយរបស់ខ្ញុំគឺគាត់ជាជនពិការផង។ ទិញដីនេះគឺគាត់បានលក់របស់របរដើម្បីយកប្រាក់មកទិញដី ពីឈ្មោះ ឈុន មុំ ដោយសំអាងថាគឺជាកូនធម៌ ដោយមិននឹកស្មានថាមកជួបរឿងបែបនេះសោះ។

ទាក់ទងនឹងរឿងខាងលើនេះដែរលោក អ៊ុល សំណាង មេភូមិជ្រេស បាននិយាយឲ្យដឹងថា លោកពិតជាបានចុះហត្ថលេខាលើលិខិតទិញលក់ដីរបស់លោក សម្បត្តិ វឌ្ឍនា ពិតមែនដែលមានឈ្មោះ ហៃ ជាអ្នករត់ការបានយកឲ្យ លោកចុះហត្ថលេខា ដែយលោក ហៃ បាននិយាយថា លោកទទួលខុសត្រូវទាំងអស់ចំពោះការទិញលក់នេះ គឺលោកមេភូមិមិនបាច់ភ័យទេ។

លោក ស៉ឹម កូយ ជំទប់ទី២ ឃុំក្រាំងល្វា បានបញ្ជាក់ ឲ្យដឹងដែរថា លោកមិនបានដឹងក្នុងរឿងទិញលក់ដីខាងលើនេះទេ ហើយនៅក្នុងលិខិតលក់ទិញដីនេះ ក៏គ្មានការចុះហត្ថលេខាទទួលស្គាល់ និងដឹងឮពីអាជ្ញាធរ ឃុំគ្រាំងល្វានោះដែរ។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោកស្រី ឈន់ មុំ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះឲ្យដឹងថា លោកស្រីពិតជាបានលក់ដីចំនួន៣ហិកតាកន្លះ ទៅអោយមនុស្ស ៣នាក់ពិតមែន គឺ១៖ ឈ្មោះ កែវ ច័ន្ទគ្រីស្នា ១ហិចតាកន្លះ ២៖ សំរិត ប៊ុននាង ១ហិចតាកន្លះ និងសម្បត្តិ រតនៈ កន្លះហិចតា។

លោកស្រីបានបញ្ជាក់ទៀតថា លោកស្រីមានដីពិតប្រាកដឲ្យពួកគាត់ពិតមែន ហើយកាលណោះលោកស្រីបានសន្យាថា នឹងធ្វើប្លង់ទន់ឲ្យពួកគាត់ ពីព្រោះវគ្គមុនជាប្លង់ដីទន់ តែបច្ចុប្បន្នជាដីប្លង់រឹងហើយ។ ដូច្នេះសុំជម្រាបប្រាប់ពួកគាត់វិញផងថា ដីនេះបច្ចុប្បន្នគេកំពុងតែធ្វើប្លង់រឹងហើយ៕