(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាលបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកុម្ភៈនេះថា រយៈពេល ៥ថ្ងៃមកនេះ ពោលគិតចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានមនុស្សចំនួន ៩៤២នាក់ ដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ត្រូវបានរកឃើញ ក្នុងនោះមានស្រ្តីចំនួន ៥០៧នាក់ ហើយមនុស្សដែលត្រូវបានយកសំណាកមានចំនួនសរុប ៧០៩នាក់ ក្នុងនោះស្រ្តីមានចំនួន ១០៣នាក់។

ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នោះ ត្រូវបានធ្វើចត្តាឡីស័កតាមមណ្ឌលនានា មានចំនួន ១៧៦នាក់ ហើយធ្វើចត្តាឡីស័កនៅតាមផ្ទះមានចំនួន ៦៩៧នាក់។ រីឯម្នាក់ដែលជាបុគ្គលិកក្លឹប N8 រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញផ្ទុកវិជ្ជមានកូវីដ-១៩ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរបេង និងហង់សិន រាជធានីភ្នំពេញ។

ប្រភពបានឱ្យដឹងថា ពួកគេត្រូវបានមើលថែទាំសព្វគ្រប់បែបយ៉ាង យ៉ាងយកចិត្តទុកដាក់បំផុត មិនឱ្យមានទាស់នោះឡើយ រីឯសុខសុវត្ថិភាពវិញក៏ត្រូវបានធានា និងយាមកាមបានល្អផងដែរ។

អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននឹងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កជាបន្តបន្ទាប់។

លោកអភិបាលខេត្ត បានបន្តទៀតថា ការចាត់វិធានការការពារជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» របស់រដ្ឋបាលខេត្ត បានប្រជុំគណ:បញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានចុះផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់៕